អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ KEITI ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ 

0

(ខេត្តព្រះសីហនុ)៖ សៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់នៃវិទ្យាស្ថានឧស្សាហកម្ម បរិស្ថាន និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ KEITI បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ ទាក់ទិននឹងការផ្តល់ជំនួយបច្ចេកទេសក្នុងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិចនៅខេត្តព្រះសីហនុ ខណៈ បញ្ហាសំណល់រឹងកំពុងជះឥទ្ធិពលអវិជ្ជមានដល់សោភណ្ឌ័ភាពនៃខេត្តទេសចរណ៍ដ៏មានសក្តានុពលដែលត្រូវបានគេប្រសិទ្ធនាមថា(តារារះនៅទិសនិរិតី)។

លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា Korea Environmental Industry and Technology Institute/KEITI នៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា គោលបំណងជំនួបនេះគឺ ដើម្បីខេត្តព្រះសីហនុក្នុងការធ្វើឱ្យប្រសើរឡើងដោយចីរភាពផ្នែកហិរញ្ញវត្ថុ និងបរិស្ថាន លើការគ្រប់គ្រងកាកសំណល់រឹង និងថង់ប្លាស្ទិច ខេត្តព្រះសីហនុ។លោកស្រីបានបញ្ជាក់ថាក្រៅពីខេត្តព្រះសីហនុ ក្រុមការងាររបស់លោកស្រីក៏បានសហការជួយកិច្ចការនេះ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ផងដែរ។

បើតាម លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ស្របពេលមានកំណើននៃកាវិនិយោគនាពេលបច្ចុប្បន្នយ៉ាងគំហុក បានធ្វើឱ្យបរិមាណសំរាមក៍មានការកើនឡើងផងដែរ។បញ្ហានេះបានក្លាយជាកង្វល់មួយដែល របស់រដ្ឋបាលខេត្ត ក៍ដូចជារាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ដោះស្រាយយ៉ាងសកម្មរាល់ថ្ងៃ។
លោក បាននញ្ជាក់ថា ក្រុងព្រះសីហនុ បច្ចុប្បន្ន បរិមាណសំរាម មានពី ៤០០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ ដោយមិនទាន់គិតអំពីកាកសំណល់ការដ្ឋានសំណង់ផង។

គួរបញ្ជាក់ថា បញ្ហាសម្រាមនៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ពុំទាន់មានការគ្រប់គ្រងអោយបានប្រសើរនៅឡើយ។គំនរសម្រាមត្រូវបានគេគរទុកចោលយូរថ្ងៃរហូតធំក្លិនស្អុយ(នៅកន្លែងខ្លះ)ដោយសារក្រុមហ៊ុនប្រមូលសម្រាមមិនបានមកយកអោយបានទានន់ពេលវេលាទេបើទោះជារដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការបែងចែករថយន្តនិងកម្មករប្រមូលសម្រាមអោយទទួលខុសត្រូវតាមឃុំ/សង្កាត់យ៉ាងក្តី។ករណីនេះបានបណ្តាលអោយនមហាជនរអ៊ូរទាំផងដែរ។

ទោះជាបែបនេះក្តី លោក ជាវ វិជ្ជាក់ បានបង្ហាញសុទិដ្ឋិនិយមថា បញ្ហាសំណល់រឹង(សំរាម)នាពេលបច្ចុប្បន្ន នឹងត្រូវបានដោះស្រាយបាននៅពេលខាងមុខ តាមរយៈការបង្កើនការគ្រប់គ្រង និងប្រមូលសំរាមដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់មូលដ្ឋាននិងមានការគាំទ្រពីថ្នាក់ជាតិផងដែរ។

គួររំលឹកថាកន្លងទៅក៏ដូចជាបច្ចុប្បន្នដែររដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានចលនាដឹកនាំកំលាំងមហាជនអោយចូលរួមក្នុងសកម្មភាពដើររើសសម្រាមតាមទីតាំងនានាជាបន្តបន្ទាប់ដើម្បីបំផុសគំនិតអោយពលរដ្ឋគ្រប់រូបចូលរួមស្រលាញ់បរិស្ថាននិងចេះវិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីទុកអោយក្រុហ៊ុនប្រមូលសម្រាមប្រមូលយកទៅចោលនៅទីលានចាក់សំរាម។ទន្ទឹមនោះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ទីតាំងគោលដៅនិងបានបែងចែកអោយមន្ទីរអង្គភាពជុំវិញខេត្តចូលរួមទទួលខុសត្រូវតាមកន្លែងរបស់ខ្លួនផងដែរ។គម្រោងការនេះនៅតែមិនអាចដោះស្រាយបានដដែលដោយសារអ្នកពង្រាយមានចំនួនច្រើនជាងអ្នកសំអាតសម្រាម។