ព្រះវិហារ: រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ចំនួន១៩រូប ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល។ ពិធីនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ និងតំណាងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានធ្វើការក្រើនរំលឹក ទៅដល់ក្រុមព្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះប្រទេសជាតិ និងប្រជាជន ស្របតាមគោលការណ៍ ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំសម្រាប់ខេត្ត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរៀបចំការបោះឆ្នោត ដើម្បីបង្កើតក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅ មកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះ បានពង្រឹងពង្រីកដំណើរការ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចាក់គ្រឹះរហូតដល់មូលដ្ឋាន នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា។ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានចូលរួមអបអរសាទរ ចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៣។ ដើម្បីបន្តដឹកនាំខេត្តព្រះវិហារ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតនោះ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដើម្បីបម្រើផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងរដ្ឋបាលខេត្តឲ្យមានម្ចាស់ការក្នុងការគ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។
ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើន ដែលក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ខិតខំប្រឹងប្រែងសម្រេចបាន ដោយមានការចូលរួមយ៉ាងសកម្ម ពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត។ ដោយធានាបានយ៉ាងល្អប្រសើរ នូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌៕សួនលីណា





































