ខេត្តព្រះស៊ីហនុៈ ប្រកាស និងប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុង /ស្រុក /ខេត្ដព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ (អតីតសណ្ឋាគារ៧ជាន់) ព្រឹកថ្ងៃសុក្រ ទី ១៤ ខែមិថុនា គ.ស ២០១៩ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ស្នើឲ្យក្រុមការងារចុះជួយមួលដ្ឋាន បន្ដរួមគ្នាជួយដោះស្រាយកង្វល់ជូនប្រជាជនអោយមានប្រសិទ្ធិភាពខ្ពស់ ធ្វើយ៉ាងណាសំដៅធានាលើកកំពង់ជីវភាព សុខមាលភាព វឌ្ឍនភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនទូទៅដោយមិនមានប្រកាន់និន្នាការនយោយបាយអ្វីឡើយ។
បន្ថែមលើសនេះទៀត ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានជម្រុញអោយអាជ្ញាធរក្រុងនិងខេត្តព្រះសីហនុ ត្រូវតែដោះស្រាយអោយបានប្រសើរថែមទៀតបញ្ហាសំណល់រឹង(សំរាម)និងសំណង់រាវ(ទឹកខ្វក់)ដែលកំពុងជះឥទ្ធិពលអវិជ្ជមានប៉ះពាល់ដល់បរិស្ថាននៅក្រុងព្រះសីហនុ។ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ត្រូវធ្វើលូទឹកកខ្វក់ ស្ថានីយ៍បូបទឹកសំអុយ និងអាងចម្រោះដើម្បីទប់ស្កាត់ការហូរចូលសមុទ្រនៃទឹកកខ្វក់នេះ។ដោយឡែកបញ្ហាសំរាមឯកឧត្តម បានគូសបញ្ជាក់ថាត្រូវតែដោះស្រាយអោយបានមិនអាចទុកដូចសភាពសព្វថ្ងៃនេះបានទេ។
(មានប្រសាសន៍ ឯកឧត្តម សាយ សំអាល់)គួរបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ ត្រូវបានតែងតាំងជាប្រធានការក្រុមការងារថ្នាក់ជាតិនៃគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ជំនួស ឯកឧត្តម ប៉ុល សារឿន ដែលត្រូវបានផ្លាស់ទៅកាន់ក្រុងភ្នំពេញវិញ។តាមរយៈតែងតាំងឯកឧត្តម សាយ សំអាល់ នេះ មន្រ្តីនិងប្រជាជនមានរំពឹងថា ប្រធានក្រុមការងារថ្មីនេះនឹងអាចជួយជ្រោមជ្រែងស្ថានភាពខេត្តព្រះសីហនុ អោយកាន់តែមានភាពប្រសើរថែមទៀត៕





































