ឯកឧត្តម សាយ សំអាល់ រំលឹកសមាជិកក្រុមប្រឹក្សាត្រូវជួយតម្រង់ទិសរដ្ឋបាលដែនដី មានតម្លាភាព គុណភាព សមធម៌

0

ខេត្តព្រះស៊ីហនុៈ នារសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ។យោងតាមព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ មាន១៩ អាសនៈ។ ក្នុឯកឧត្តម ជាម ហ៊ីម ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ដដែល និង ឯកឧត្តម លោកជំទាវ ចំនួន ១៨ រូបទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សមាជឹកក្រុមប្រឹក្សាទាំងឡាយត្រូវបង្កើនសមត្ថភាពខ្លួនអោយបានខ្លាំងថែមទៀតដើម្បីអាចជួយតម្រង់ទិសរដ្ឋបាលខេត្ត ព្រមទាំងស្នើមន្រ្តីទាំងអស់ត្រូវចេះប្រមើលមើលវែងឆ្ងាយនិងធ្វើផែនការច្បាស់លាស់ដើម្បីធ្វើអោយខេត្តព្រះសីហនុ ក្លាយជាខេត្តទំនើបមួយនៅពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ គូសបញ្ជាក់ថា ក្រុមប្រឹក្សា និងរដ្ឋបាលខេត្តត្រូវសហការគ្នា ត្រូវចេះស្រង់យកអ្វីជាកង្វល់របស់ប្រជាជនរួចធ្វើផែនការជូនរដ្ឋបាលខេត្តដើម្បីដោះស្រាយជូនប្រជាជនអោយបានល្អប្រសើរដោយការទទួលខុសត្រូវខ្ពស់។ក្នុងឱកាសនោះដែរ ឯកឧត្តម រំលឹកបន្ថែម អោយត្រៀមខ្លួនដោះស្រាយការងារជូនពលរដ្ឋដោយមានការបណ្តុះបណ្តាលជំនាញពិសេសក្រុមយុវជន ដោះស្រាយបញ្ហាទឹក ភ្លើង ផ្លូវ សំណង់រឹងរាវ ពង្រឹង សេវាសាធារណៈជូនពលរដ្ឋអោយបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាសុវត្ថិភាពជូនពលរដ្ឋ និងទេសចរ អោយបានល្អ ជម្រុញអោយពិនិត្យមើលសំណង់និងគុណភាពសំណង់អោយបានត្រឹមត្រូវនិងជម្រុញការរកគន្លឹះដោះស្រាយបញ្ហាទំនាស់ដីធ្លីជាដើម។ទន្ទឹមនោះ ឯកឧត្តម សាយ សំអាល់ ចង់ឃើញថ្នាក់នាំនៅមូលដ្ឋាន មានលទ្ធភាពនិងធ្វើជាម្ចាស់ការលើខ្លួនឯងបាននិងស្នើអោយមន្ត្រីទាំងអស់ខិតខំបំពេញការងារជូនប្រជាជនអោយមាប្រសិទ្ធភាពខ្ពស់។