អគារសម្ភព និងបន្ទប់រង់ចាំចំនួន៤កន្លែង មានតម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ ក្រោមជំនួយអភិវឌ្ឍន៍របស់មូលនិធិសកល នៃប្រទេសកាណាដា តាមរយៈអង្គការអាត្រាកាណាដា!

0

ព្រះវិហារ: អគារសម្ភព និងបន្ទប់រង់ចាំចំនួន៤កន្លែង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលឧបត្ថម្ភក្រោមជំនួយអភិវឌ្ឍន៍ របស់មូលនិធិសកល នៃប្រទេសកាណាដា តាមរយៈអង្គការអាត្រាកាណាដា។ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជិត៤០០នាក់ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់មាតា និងទារក ក្រសួងសុខាភិបាល ត្រូវណែនាំដល់ មន្ត្រីសុខាភិបាលទាំងអស់ធ្វើយ៉ាងណា ឲ្យខិតខំបន្ថែមទៀត ក្នុងការចុះផ្សព្វផ្សាយ ណែនាំអប់រំ និងផ្តល់សេវាសុខភាពប្រកបដោយសមធម៌ សមភាព និងគុណភាពជូនដល់ប្រជាពលរដ្ឋ ដោយមិនរើសអើង។ ជាពិសេស ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវប្តូរឥរិយាបទពីការសម្រាលកូនដោយឆ្មបបុរាណតាមផ្ទះ ងាកមកសម្រាលកូននៅតាមមណ្ឌលសុខភាពវិញ ទើបជាការប្រសើរ និងមានសុវត្ថិភាព។ ជាមួយគ្នានោះត្រូវសម្អាតបរិស្ថាន អនាមយ័ជុំវិញផ្ទះ និងដាក់ថ្នាំអាល់បែតតាមពាងទឹក ដើម្បីបំបាត់មូសខ្លា និងការពារកុំឱ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានផ្តល់សំណង់ដ៏ច្រើន ជាពិសេសតាមតំបន់ជាប់ព្រំដែនដាច់ស្រយ៉ាល ក្រោមជំនួយអភិវឌ្ឍន៍របស់មូលនិធិសកល តាមរយៈអង្គការអាត្រាកាណាដាផងដែរ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងសកម្មភាពលើវិស័យសុខាភិបាល។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគិតគូរដល់សុខភាព និងការរស់នៅ របស់ប្រជាពលរដ្ឋ តាមតំបន់ដាច់ស្រយ៉ាល ឲ្យស្របតាមផែនការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានមន្ទីសុខាភិបាលខេត្តព្រះវិហារ លោក វេជ្ជបណ្ឌិត គួង ឡូ មានប្រសាសន៍ថា អគារសម្ភព និងបន្ទប់រង់ចាំទាំង៤កន្លែងនេះ ចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៨។ អគារនេះ មានទំហំប្រវែង១០ម៉ែត្រ គុណ៥ម៉ែត្រ មាន២បន្ទប់ គឺបន្ទប់រង់ចាំ និងបន្ទប់សម្ភព ដោយមានបំពាក់គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខាសម្រាលកូន ដោយចំណាយថវិកាសាងសង់អស់ ចំនួន១២៨,៦៣២.៤០ដុល្លារអាមេរិក(មួយរយម្ភៃប្រាំបីពាន់ ប្រាំមួយរយសាបសិបពីរ ចុចសែសិបដុល្លាអាមេរិក) ដែលជាជំនួយ របស់មូលនិធិសកលប្រជាជនកាណាដា។

សូមជំរាបថា អគារសម្ភព និងបន្ទប់រង់ចាំទាំង៤កន្លែង ដែលសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ គឺស្ថិតក្នុងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត មណ្ឌលសុខភាពរុងរឿង៤ មណ្ឌលសុខភាពយាង និងប៉ុស្តិ៍សុខភាពអន្ទឹល ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា