ក្រុងបាកដាដៈ ព្រះចៅកាលីហ្វដែលប្រកាសខ្លួនឯងថា លោក Abu Bakr al-Baghdadi បានធ្វើការបង្ហាញខ្លួនដែលមិនធ្លាប់មានពីមុននៅក្រុងម៉ូស៊ូលរបស់ អ៊ីរ៉ាក់ ដែលកម្លាំងរបស់លោក បានជួយដណ្ដើមកាន់កាប់បានពីខែមុន និងបានបញ្ជាឲ្យជនមូស្លីមទាំងអស់ស្តាប់បញ្ជាលោក។ នេះបើយោងតាមវីដេអូដែលត្រូវបានបង្ហោះ កាលពីថ្ងៃសៅរ៍ ហើយត្រូវបានវេបសាយ ផ្សាយនៅថ្ងៃអាទិត្យ។ ការប្រកាស និងអំពាវនាវនេះបានកើតឡើងក្រោយពី អ្នកធ្វើសង្គ្រាម ខាងសាសនាមានតែ ស្រមោល ដែលបានប្រកាសជាក្រុមរដ្ឋអ៊ីស្លាម(IS) របស់លោកបានដឹកនាំការវាយលុកដូចផ្លេកបន្ទោរចូលលុកលុយទឹកដីនៃខេត្ត៥នៅភាគខាងជើង និងខាងលិចក្រុងបាកដាដ ។ ការវាយប្រហារ បានធ្វើឲ្យក្រុមមេដឹកនាំពិភពលោកព្រួយបារម្ភ និងបានធ្វើឲ្យពលរដ្ឋរាប់សែននាក់ខ្ចាត់ព្រាត់ និងបានពូនផ្ដុំសម្ពាធលើនាយករដ្ឋមន្ត្រី នូរី អាល់-ម៉ាលីគី ខណៈលោកស្វែងរកកាន់អំណាចសម្រាប់អាណត្តិទីបីបន្ទាប់ពីការបោះឆ្នោត ពីខែមេសា។
ដោយអះអាងថា ពិតជា ឈ្មោះ Baghdadi បុរសនោះ បាននិយាយថា៖ «ខ្ញុំគឺជាមេដឹកនាំដែលជាអធិបតីលើអ្នក ថ្វីបើខ្ញុំមិនល្អបំផុតលើអ្នកក្ដី។ ហេតុនេះ បើសិនជាអ្នកគិតថាខ្ញុំនិយាយត្រូវ សុំជួយ ខ្ញុំ។ បើសិនខ្ញុំនិយាយខុស សូមណែនាំខ្ញុំ និងដាក់ខ្ញុំលើផ្លូវត្រូវ និងស្តាប់បញ្ជាខ្ញុំ ដរាបណាខ្ញុំគោរពព្រះ»។ បុរសនោះជាព្រះចៅកាលីហ្វ អ៊ីប្រាហ៊ីមឈ្មោះដែលលោកBaghdadi បានជ្រើសរើស នៅពេលក្រុមនោះបានប្រកាសរដ្ឋអ៊ិស្លាមនៅថ្ងៃទី២៩ មិថុនាជារដ្ឋទូទាំងអ៊ិស្លា មមួយ ដែលគេធ្លាប់ជួបនៅក្នុងយុគសម័យ អាណាចក្រ Ottoman ដែលមេដឹកនាំរបស់ពួកគេ គឺគ្រប់គ្រងទាំងនយោបាយ និងសាសនា។
ថ្វីបើមេដឹកនាំជីហាដនិយមរូប នេះ ទំនងជាបានលេចមុខនៅក្នុង វីដេអូឆ្នាំ២០០៨មួយ ដោយប្រើឈ្មោះផ្សេងគ្នាក្តី ក៏អ្នកឯកទេស ម្នាក់ស្តីពីចលនាអ៊ិស្លាមនិយមលោក Aymenn al-Tamimi និយាយថា វីដេអូនេះ គឺជាការ បង្ហាញមុខផ្លូវការដំបូងពុំធ្លាប់មានពីមុននៃលោក Baghdadi។ លោក Baghdadi ត្រូវគេជឿ ថា បានកើតនៅក្រុងសាម៉ារ៉ារបស់ អ៊ីរ៉ាក់ ក្នុងឆ្នាំ១៩៧១ និងបានចូលរួមការបះបោរប្រឆាំងយោធាអាមេរិក បន្ទាប់ពីការលុកលុយឆ្នាំ២០០៣ ដែលបានបណ្ដេញមេដឹកនាំផ្ដាច់ការ លោកសាដាម ហ៊ូសេន លោកក៏ធ្លាប់ជាប់គុកអាមេរិកផងដែរ ៕