ក្រចេះ ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី ៣ ចំនួន២១រូប ដែលត្រូវបានរៀបចំឡើងនៅ សាលមហោស្រព ខេត្ត ក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងមានការចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត មន្ត្រីរាជការតាមមន្ទីអង្គភាពជុំវីញខេត្តជាច្រើននាក់ផងដែរ ។
បន្ទាប់ពីឯកឧត្តម វ៉ាថន អភិបាលខេត្តក្រចេះបានរាយការណ៍ អំពីសភាពការណ៍ទូទៅ ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើននិងសម្រេចបាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាអាណត្តិទី២ និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុកដែលបានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ និងតំណាងឱ្យក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបប្រកាសចូលកាន់មុខតំណែងបានប្តេជ្ញាចិត្តពង្រឹងពង្រីកបន្ថែមទៀតនូវការកសាងសេដ្ឋកិច្ច ចាប់ពីទីក្រុងរហូតដល់ជនបទចំកាត់មាត់ញក ដើម្បីធានាឲ្យបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋតាមបណ្ដាឃុំទាំងអស់ រួមទាំងអ្នកវិនិយោគិនជាតិនិងអន្តរជាតិ ដែលកំពុងដាក់ទុនវិនិយោគនៅលើទឹកដីខេត្តក្រចេះ ដែលជាផ្នែកមួយដែលធ្វើឲ្យមានការប្រែប្រួលកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ទទួលបានចំណូលបន្ថែមពីទីផ្សារការងារ សហការរវាងក្រុមប្រឹក្សាខេត្តជាមួយនឹងគណៈអភិបាលខេត្ត ដោយលើកកម្ពស់ទំនាក់ទំនងល្អ ស្របតាមស្មារតីអនុក្រឹត្យលេខ២១៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០០៦ ស្ដីពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាគណៈអភិបាល ប្រកាន់ខ្ជាប់នូវកាទទួលខុសត្រូវចំពោះថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងបណ្ដាលភាគីពាក់ព័ន្ធទាំងអស់ ដោយមិនប្រកាន់ចំពោះនិន្នាការនយោបាយណាឡើយធ្វើយ៉ាងណាឱ្យអនាគតរបស់ខេត្តក្រចេះមានការរីកចម្រើនទទួលបាននូវសុខសន្តិភាពរបៀបរៀបរយ ប្រកួតប្រជែងប្រឡងប្រណាំងកែលម្អសុភភាពក្រុងស្រុកឱ្យមានអនាម័យនិងបរិស្ថានល្អ ។
ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្តក្រចេះ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៣នេះ ដើម្បីបន្តរដឹកនាំខេត្តក្រចេះ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ និងគណៈអភិបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូល ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ។
ឯកឧត្ដម រដ្ឋមន្ត្រីបានជម្រុញអោយរដ្ឋបាលខេត្ត ខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ នៅសាលាខេត្តដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវា នៅកន្លែងតែមួយព្រមទាំងពិនិត្យ តាមដាននិងគាំទ្រដល់ដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាល ក្រុង ស្រុក ដើម្បីធានាថាការផ្ដល់សេវាកម្ម រដ្ឋបាលទាំងនេះ ដំណើរការប្រកប ដោយតម្លាភាពនិងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទនិងនីតិវិធី ដែលបានកំណត់លើសពីនោះត្រូវពង្រឹងសមត្ថភាពដល់មន្រ្ដីផ្ដល់សេវា ថ្នាក់ក្រោមជាតិពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋ បាល និងកម្លាំង សមត្ថកិច្ចនានានៅមូលដ្ឋានឲ្យពង្រឹងសមត្ថភាព និងទទួលខុសត្រូវក្នុងការ បំពេញការងារប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អរ ឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ សំដៅរួមគ្នាដោះស្រាយសំណើសំណូមពរ បញ្ហាប្រឈមនានាក្នុងមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាពនិងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយនោះឡើយ ៕ ដោយ ម៉េងគា





































