ស្ត្រី​នី​ហ្សេ​រី​យ៉ា ៦៣​នាក់ រត់គេច​ចេញពី​ពួក​ចាប់ពង្រត់​បូ​កូ​ហា​រ៉ា​ម​

0

​ម៉ា​យ​ឌូ​ហ្គូ​រីៈ ស្ត្រី​និង​ក្មេងស្រី​ជាង​៦០​នាក់​ដែល​ត្រូវបាន​ចាប់ពង្រត់​កាលពី​ខែ​មុន ដោយ​ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម (Boko Haram) នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ភាគ​ឦសាន​នោះ បាន​រត់គេចខ្លួន​រួច​ពី​ពួក​អ្នក​ចាប់ខ្លួន​ពួកគេ​ហើយ​វិល​ត្រឡប់មកផ្ទះ​វិញ​ហើយ​។ នេះ​បើតាម​ប្រភពព័ត៌មាន​បាន​រាយការណ៍ កាលពី​ថ្ងៃអាទិត្យ ហើយ​ត្រូវបាន​វេ​ប​សាយ​បរទេស​អាល់​ហ្សា​ហ្សី​រ៉ា ផ្សាយ​កាលពី​ចន្ទ ទី 7 កក្កដា 2014​។​

ប្រជា​ការពារ​មូលដ្ឋាន​លោក អាប់​បាស ហ្កា​វ៉ា បាន​និយាយថា លោក​បានទទួល​ការជូនដំណឹង​ថា ស្ត្រី និង​ក្មេង​ស្ត្រី​ប្រមាណ​៦៣​នាក់​ដែល ត្រូវ​ចាប់ពង្រត់​ពីមុនមក​នោះបាន​វិល​មក​ផ្ទះ​របស់គេ​កាលពី​យប់​ថ្ងៃ​សុក្រ​។​ ​ប្រភពព័ត៌មាន​សន្តិសុខ​ថ្នាក់ខ្ពស់​មួយ​នៅ​ទីក្រុង​ម៉ា​យ​ឌូ​ហ្គូ​រី ក៏បាន​អះអាង​អំពី​ការរត់​គេចខ្លួន​នេះដែរ​។​ ​

សូម​រំឭកថា ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម បាន​ចាប់​ស្ត្រី និង​ក្មេងស្រី​ភាគច្រើន​ជា​សិស្ស​ចេញពី​សាលារៀន​មួយ​ប្រមាណ​ជា​២០០​នាក់ ក្រោយមក​ពួក​ដដែល​នេះ​បាន​ចាប់ខ្លួន បន្ថែម​ប្រមាណ​៥០​នាក់ ។ ទោះបី​ជាមាន​ការទទូច និង​អំពាវនាវ​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​អង្គការ​អន្តរជាតិ ក៏ដូចជា​ប្រមុខរដ្ឋ​បណ្តា ប្រទេសមួយ​ចំនួន​សុំ​ឲ្យ​ដោះលែង​ពួកគេ​ក្តី​ក៏​ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម មិន​ព្រម​ដោះលែង​ពួកគេ​នោះទេ ពួក​បូ​កូ​ហា​រ៉ា​ម​អះអាងថា ពួកគេ​ដោះលែង​ដរាបណា អាជ្ញាធរ​នី​ហ្សេ​រី​យ៉ា​ដោះលែង​ពួក​សកម្មប្រយុទ្ធ​ដែល​នៅជាប់​ឃុំ​ទាំងអស់នោះ​ជា​ថ្នូរ​វិញ​ដែរ​។ ប៉ុន្តែ​សំណើ​ទាំងនេះ​ត្រូវបាន​បដិសេធ ៕nigeria1c nigeria1b