ប៉ូលីសបង្ក្រាបករណីចាប់ជម្រិតលើកទី២ នៅជាយដែនប៉ោយប៉ែត ចាប់ជនសង្ស័យបាន៣នាក់ កាលពីយប់មិញ

0

ដោយ ប៊ុន សំណាង ខេត្តបន្ទាយមានជ័យ
ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើសណ្ឋាគារស៊ីធីប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេបានធ្វើសកម្មភាពចាប់ខ្លួនពលរដ្ឋម្នាក់បង្ខាំងទុក រួចជម្រិតទារប្រាក់ពីសាច់ញាតិជនរងគ្រោះនៅភ្នំពេញ។

ប្រតិបតិ្តការនេះដឹកនាំចុះស្រាវជ្រាវនិងបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សម្របសម្រួលនិតិវិធីច្បាប់ដោយ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ប្រតិបត្តិការនេះធ្វើឡើងក្រោយពីមានសាច់ញាតិជនរងគ្រោះម្នាក់ឈ្មោះថៅ ណាក់ ប្រុស ៣៧ឆ្នាំ រស់នៅ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ បានប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ថាសាច់ញាតិរបស់ខ្លួនត្រូវបានគេចាប់ជម្រិត។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងផែនព្រហ្មទ័ណ្ឌ បានឲ្យដឹងថាថ្ងៃទី១៧.០៦ ២០១៩ សមត្ថកិច្ចយើង បានទទួលពត៌មានពីនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ថា មានករណីចាប់ជំរិតទារប្រាក់ ពីភ្នំពេញ មកដល់បន្ទាយមានជ័យ ហើយនៅវេលា ម៉ោង២៣.៣០នាទី កំលាំងជំនាញព្រហ្មទណ្ឌខេត្ត និងកំលាំងអធិការដ្ឋាននគរបាលស្រុកក្រុង ដឹកនាំដោយលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ ចុះបង្រ្កាបករណីខាងលើ ចាប់បានជនល្មើស បានសម្រេចនៅជាយដែនប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានបន្តថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ច្យើងឃាត់ខ្លួនរួមមាន ១/ឈ្មោះ ព្រាប វណ្ណា ប្រុស ២៣ឆ្នាំ ជាអ្នកបើកបរ,២/ឈ្មោះ ព្រាប វណ្ណះ ប្រុស ២៩ឆ្នាំ ជាអ្នកចាប់ ៣/,ឈ្មោះ វ៉ាន់ ស្រេត ប្រុស ២៨ឆ្នាំ ជាសមគំនិត រួមជាមួយ ដកហូតបានវត្ថតាង រថយន្ត លុចស៊ីស៣០០ មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004 ជាមធ្យោបាយ នៅ សណ្ឋាគារ ស៊ីធីប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកសាកសួរ នៅស្នងការដ្ឋាន ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃាតនិងឃុំ់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំតាមនិតិវិធីច្បាប់។
ករណីនេះ នឹងប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលចាត់ការបន្ត។

គួរបញ្ជាក់ថា នេះគឺជាករណីចាប់ជម្រិតលើកទី២ ដែលត្រូវនគរបាលខេត្តបន្ទាយមានជ័យ បំបែកបានជោគជ័យលើទឹកដីក្រុងប៉ោយប៉ែត។ ករណីទី១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចាប់ជម្រិតជនជាតិចិន១២នាក់ រំដោះបានជនរងគ្រោះ៣នាក់ នៅលើផ្ទះសំណាក់សុផលថាវី និងផ្ទះសំណាក់លីហ៊ូវ ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅតុលាការរួចរាល់កាលពីម្សិលមិញផងដែរ៕