ជនសង្ស័យ 3នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងប៉ូលិសស្រុកត្រាំកក់បង្ក្រាប

0

ខេត្តតាកែវ ៖ ជនសង្ស័យជួញដូរថ្នាំញៀនដោយខុសច្បាប់៣នាក់ត្រូវបានប៉ូលីសជំនាញនៃអធិការនគរបាលស្រុកត្រាំកក់ចាប់ឃាត់ខ្លួនបានជាមួយនិងវត្ថុតាង ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ

ករណីបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយសារធាតុញៀនដោយខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១៦និង០០នាទី តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពពេល។ លោកអធិការស្រុកបានបញ្ជាក់ដែរថា ក្រោយទទួលបានបទបញ្ជាថែមទាំងក្តាប់បានមុខសញ្ញាជនសង្ស័យគ្រឿងញៀនផងនោះ កម្លាំងនគរបាលស្រុកបានធ្វើការចេញល្បាតនៅតាមចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចរោងស័ង្កសី ស្ថិតនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ វេលាម៉ោង១៦ និង២០នាទី ដោយមានការសង្ស័យកម្លាំងប៉ូលីសលោកបានដើរចូលទៅក្នុងរោងស័ង្កសី ក៏ប្រទះឃើញជនសង្ស័យចំនួន បីនាក់កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ដែលមានឈ្មោះ៖ ទី១ឈ្មោះ សែ ចំរើន (ហៅម៉ៅ) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ជាមុខសញ្ញាជួញដូរសារធាតុញៀនសកម្ម។
ទី២ឈ្មោះ អុិត ខុន ហៅផា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ជាមុខសញ្ញាជួញដូរនិងចែកចាយសារធាតុញៀនសកម្ម។
ទី៣ឈ្មោះ សិម ណាផា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ជាមុខសញ្ញាជួញដូរនិងចែកចាយសាធាតុញៀនសកម្ម។ ចំណែកវត្ថុតាងដែលដកហូតបានមាន៖ ម៉្សៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់(តូច១៣កញ្ចប់ ធំ១កញ្ចប់)ម៉ូតូចំនួន០២គ្រឿង ទូស័ព្ទដៃ១គ្រឿង និងប្រដាប់វេចខ្ចប់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យជួញដូរថ្នាំញៀនដោយខុសច្បាប់ទាំង៣នាក់ដែលប៉ូលីសស្រុកត្រាំកក់ឃាត់ខ្លួនបានខាងលើនេះ ត្រូវបានកម្លាំងជំនាញស្រុកកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។