ខេត្តកំពង់ធំៈ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧:៣០នាទី មានករណីមនុស្សឆក់ត្រី ស្លាប់ដោយឧបករណ៍ ឆក់ត្រី ខ្លួនឯង នៅចំនុចស្រះទឹក របស់ឈ្មោះ ឌុំ ឡន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិ ស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សាកសពត្រូវបានគេស្គាល់ឈ្មោះឈន ចាន់ធូ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ និងការបំភ្លឺរបស់ម្ដាយបង្កើត របស់សព ឈ្មោះ ជា សុភី អាយុ៤៧ឆ្នាំ នៅភូមិ ឃុំខាងលើបានរៀបរាប់ថាកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កូនរបស់នាងខ្ញុំ បានទៅឆក់ត្រីនៅស្រះនោះម្តងរួចទៅហើយ តែឥឡូវវាបបួលគ្នាទៅទៀតម្តងទៀត ដោយ មិនមានការប្រុងប្រយ័ត្ន ទើបបានឆក់ស្លាប់ខ្លួនឯងតែម្តង។
តាមចម្លើយបំភ្លឺរបស់ប្អូនបង្កើតនៃសព ឈ្មោះ ឈន ម៉េងហ័រ ភេទប្រុស អាយុ១៤ឆ្នាំ បានរៀបរាប់ថា៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ប្រហែ លម៉ោង១៦:៣០នាទីខ្ញុំបាទ បានទៅឆក់ត្រីជាមួយបង ប្រុសបង្កើតដែលស្លាប់នោះ រួចម្តងហើយ តែមិនមានអ្វីកើត នោះឡើងទេ។
លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែ ល១៧:០០នាទី បងខ្ញុំឈ្មោះ ឈន ចាន់ធូ បានបបួល គ្នាទាំង០៣នាក់ ទៅឆក់ត្រី នៅកន្លែងស្រះដដែលម្តងទៀត ពេលនោះ ខ្ញុំពីរនាក់ឈ្មោះ ឌុំ ផលៀង ពុំបានចុះក្នុង ទឹកជាមួយបងខ្ញុំទេ គាត់ចុះឆក់តែម្នាក់ឯងចាប់ត្រី រួច ស្រាប់តែឃើញដួលផ្កាប់ មុខទៅក្នុងទឹក ពេលនោះពួកខ្ញុំទាំងពីរនាក់ក៏ចុះស្រង់ដាក់ម៉ូតូ ឌុបឱបបងយកទៅមន្ទីរពេទ្យវៀតណាមកំពង់ធំ លុះទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ខ្ញុំថាស្លាប់ទៅហើយ ខ្ញុំបាទក៏ឌុបបងត្រឡប់មកផ្ទះវិញ។
កម្លាំងសមត្ថកិច្ចប៉ុស្តិរដ្ខបាល និងជំនាញស្រុក និងក្រុមគ្រួសារសពបានចូលរួមពិនិត្យសាកសពនិង *សន្និដ្ឋានថា៖* ការស្លាប់នេះពិតជាស្លាប់ដោយ សារឧបករណ៍ឆក់ត្រី ឆ្លងចរន្ត ទើបឆក់ខ្លួនឯងស្លាប់តែម្តង សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ ប៊ុនរដ្ឋា




































