ខេត្តឧត្តរមានជ័យ៖បុរស់ជនសង្ស័យបង្កៃ គ្រប់បេ៤០ម្នាក់ត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យធ្វើការ ឃាត់ខ្លួន បានហើយកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩នេះ។
បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនដែលបានដាក់បង្កៃគ្រាប់បេ40 នៅក្រោយសាលាអនុវិទ្យាល័យរួតចំប៉ី ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យរួមមក។
កម្លាំងសមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអតីតយោធា នៅវរ:សេនាតូចការពារព្រំដែនគោកលេខ៤០២ យោធភូមិភាគទី០៤ ។
យោងទៅតាមប្រភពពីខាងមន្ត្រីជាន់ខ្ពស់ស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើមានឈ្មោះ ហេង ចន្ថា អតីតយោធា នៅវរសេនាតូចលេខ៤០២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសាកសួរ អំពីករណីបង្កៃគ្រាប់B40 និងDK៧៥ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាអនុវិទ្យាល័យរួតចំប៉ី ភូមិរួតចំប៉ី សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោងពីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនិងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕ប៉ែននួន