សមត្ថកិច្ចឆ្មក់ឆែកឆេរ លំនៅដ្ឋានមេឈ្មួញមួយកន្លែងក្នុងក្រុងក្រចេះរឹបអូសបានរថយន្តដឹកឈើចំនួន៨គ្រឿង

0

ក្រចេះ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តក្រចេះ បានធ្វើការឡោមពទ្ឋ័ឆែកឆេរលំនៅដ្ឋានរបស់មេឈ្មួញមួយកន្លែងនៅក្នុងក្រុងក្រចេះរឹបអូសបានរថយន្តដឹកឈើប្រណិតចំនួន8គ្រឿង កាលពីវេលាម៉ោងម៉ោង5 ល្ងាចថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការថាមានរថយន្តរបស់មេឈ្មួញខាងលើបានចូលទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន កាលពីពេលថ្មីៗនេះហើយត្រូវបានបែកការកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការចុះបង្ក្រាបនិងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរក្សាទុក ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា លំនៅដ្ឋានខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះជុំ វុទ្ឋី ហៅស៊ី(ធីកាប៉ូ )ដែលតែងតែធ្វើឲ្យសកម្មភាពជាប្រចាំក្នុងការដឹកជញ្ជូនឈើលោតឆ័ត្រ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅស្រុកស្នួល និងបន្តទៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួននៅតំបន់នោះ ។

ប្រភពពត៌មានបានអោយដឹងថា រថយន្តដឹកឈើទាំង៨នេះបាននាំចេញស្ទឹងត្រែងឆ្ពោះទៅស្រុកស្នួល១៦ម្សិលមិញតែត្រូវបានខកខាន មិនទៅដល់គោលដៅក៍បើកចូលក្នុងផ្ទះរបស់ខ្លួនដើម្បីរង់ចាំឱកាសល្អនាំឆ្ពោះទៅប្រទេសវៀតណាម តែអកុសលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលទៅបង្ក្រាបរឹបអូស ។

គួរបញ្ជាក់ថានេះមិនមែនជាលើកទី១ទេ ដែលកម្លាំងសមត្ថកិច្ចរួមនឹងស្ថាប័នអយ្យការដែលធ្វើការឡោមព័ទ្ធលំនៅដ្ឋានមេឈ្មួញខាងលើនេះ ហើយរាល់ការបង្ក្រាបទាំងអស់សមត្ថកិច្ចបានរឹបអសូបានរថយន្តដឹកឈើជាបន្តបន្ទាប់ តែទោះជាយ៉ាងណារហូតមកដល់ពេលនេះ
មេឈ្មោះដ៍ល្បីម្នាក់នេះនៅតែអាចធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើជាមួយនឹងក្រុមឈ្មួញវៀតណាមបានដ៍ដែល ។

បច្ចុប្បន្នរថយន្តដឹកឈើទាំង៨គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សារ ដើម្បីធ្វើការវាស់វែងនិងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។