ក្រុងព្រះសីហនុ គឺជាតំបន់ខ្ពង់រាបហើយទឹកហូរធ្លាក់មកពីតំបនខ្ពស់ទៅតំបន់ទំនាបតាមអូរ ប្រឡាយប៉ុន្តែដោយសារស្ថានភាពប្រឡាយត្រូវបានគេរំលោភយកវាបានធ្វើអោយផ្ទៃអូរប្រឡាយរួមតូចហើយបាននាំឲ្យទឹកចាល់លិចហូតដល់ភូមិប្រជាពលរដ្ឋ ធ្វើអោយពលរដ្ឋរស់នៅតាមតំបន់ទំនាបនានាស្រែកដង្ហោយរកអន្តរាគមន៍ពីអភិបាលខេត្តព្រះសីហនុជាបន្តបន្ទាប់។សព្វថ្ងៃនេះ
អូរ ប្រឡាយ នៅក្រុងព្រះសីហនុត្រូវបានរងការរំលោភហើយរំលោភទៀតជាបន្តបន្ទាប់ពីសំណាក់អ្នកលោភលន់។អូរខ្លះត្រូវបានគេរំលោភយកដោយច្នៃដាក់លូរួចចាក់ដីលុបនិងធ្វើផ្ទះពីលើធ្វើអោយស្ទះទឹកមិនអាចឲ្យទឹកហូរចេញបានដែលជាមូលហេតុចម្បងមួយនៅក្នុងចំណោមមូលហេតុសំខាន់ៗជាច្រើនទៀតដែលនាំឱ្យមានការជន់លិចភូមិឋានប្រជាពលរដ្ឋ។
ជាក់ស្តែងព្រឹកថ្ងៃ18.មិថុនា2019នេះផ្ទះប្រជាជននៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ កំពុងប្រឈមនឹងទឹកហូរចូលផ្ទះ។ប្រជាជនកំពុងស្នើមន្ត្រីជួយដោះស្រាយបន្ទាប់ពីមានភ្លៀងធ្លាក់កាលពីយប់មិញ។
បើតាមប្រភព មូលហេតុសំខាន់នាំអោយមានការជន់លិចនេះត្រូវគេមើលឃើញថាបណ្តាលមកពីការចាក់ដីរំលោភអូរពីបុគ្គលខ្លះហើយអាជ្ញាធរបានត្រឹមចុះណែនាំម្តងហើយម្តងទៀតតែមិនទាន់ចាត់វិធាការដែលមានប្រសិទ្ធភាព។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា លោកបានបញ្ជាឲ្យក្រុមការងារគ្រប់គ្រងប្រព័ន្ធអូរ ប្រឡាយចាត់វិធានការតាមផ្លូវច្បាប់ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ទាប់ពីបានណែនាំរួចហើយតែនៅតែបន្ដរំលោភទៀត។
ឯកឧត្តម យន្ត មីន បានបញ្ជាឲ្យមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះសីហនុ ត្រូវមានវិធានការដាច់ខាតមួយពោះបុគ្គលទាំងឡាយណាដែលបានរំលោភអូរប្រឡាយបង្កអោយមានការស្ទះទឹកជន់លិចភូមិឋានរបស់ប្រជាជននាបច្ចុប្បន្ននេះ។
ទោះយ៉ាងណា រាល់ថ្ងៃនេះក្រុមការងារគ្រប់គ្រងប្រពន្ធ័អូរប្រឡាយ ត្រូវបានគេមើលឃើញថាមានសកម្មភាពមរមារញឹកខ្លាំងក្នុងកិច្ចការចុះមើលការរំលោភអូរក្នុងក្រុងព្រះសីហនុ។មរមារញឹករាល់ថ្ងៃដោយសារតែអូរនៅតែរងការរំលោភស្ទើររាល់ថ្ងៃដែរ។ក្រុមការងារជំនាញនេះមិនទាន់មានវិធានការផ្លូវច្បាប់ណាមួយឡើយទៅលើបុគ្គលដែលរំលោភប្រឡាយក្រៅពីបានត្រឹមតែចុះពិនិត្យនិងធ្វើកិច្ចសន្យាណែនាំនៅតាមទីតាំងដែលបានចាក់ដីរំលោភប្រឡាយ។
ក្រុមប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅទីតាំងតំបន់ទំនាបនានាក្នុងក្រុងព្រះសីហនុតែងតែរអ៊ូររទាំជាបន្តបន្ទាប់នៅពេលដែលទឹកបានហៀរហូរលិចភូមិឋានផ្ទះសម្បែងរបស់ពួកគាត់ហើយអាជ្ញាធរមានសមត្ថកិច្ចមិនបានជួយសម្រួលដោះស្រាយជូនពួកគាត់ឲ្យមានប្រសិទ្ធភាពនៅឡើយ។
ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរមូលដ្ឋានគួរពិនិត្យនិងជំរុញការចាត់វិធានការចំពោះអ្នកដែលរំលោភអូប្រឡាយធ្វើឲ្យរងគ្រោះដល់អ្នកដទៃ។
(សាវ៉ុន)




































