សមត្ថកិច្ចក្រុងប៉ោយប៉ែត បំបែកសំបុកគ្រឿងញៀន ក្នុងកាស៊ីណូឡាក់គី ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀន១៥៥នាក់

0

ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ក្រោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនិតិវីច្បាប់ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះអាជ្ញារងអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានឆ្មក់ចូលបង្ក្រាបឃាត់បានជនសង្ស័យអ្នកលក់និងអ្នកប្រើប្រាស់គ្រឿងញៀន១៥៥នាក់ ដកហូតបានវត្ថុតាងបានថ្នាំញៀនមួយចំនួនធំ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បានថ្លែងឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចយើងឃាត់បានជនសង្ស័យចំនួន១៥៥នាក់ ក្នុងនោះអ្នកជួញដូរគ្រឿងញៀន០២នាក់ អ្នកមានថ្នាំញៀនលើខ្លួន០៣នាក់ មេកាប្រុសស្រី០៤នាក់ សន្តិសុខ០២នាក់។ដកហូតបានវត្ថុតាង ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រមពណ៌សចំនួន០៥ថង់ ម្សៅម៉ត់ចំនួន០១ថងតូច ទូបាញ់ត្រី០៨គ្រឿង ស្លុតហ្គេម១៤គ្រឿង ថ្នាំគ្រវី០១គ្រាប់ ត្រួត ពិនិត្យទឹកនោម នៅនឹងកន្លែង២២នាក់ ស្រី២នាក់ មានសារធាតុញៀន។និងវត្ថុតាងផ្សេងៗមួយចំនួន។

លោក ធិន ស៊ិនដេត បានបន្តថា ការបង្ក្រាបទីតាំងកាស៊ីណូឡាក់គី គឺធ្វើឡើងក្រោយពីមានពលរដ្ឋយុវជនមួយចំនួនប្តឹងនិងរាយការណ៍ថា កូនចៅរបស់ពួកគាត់មួយចំនួនបក់ទៅលេងល្បែងភ្នាល់បាញ់ត្រី ស្លុត និងជួបជុំមិត្តភក្កិជក់ថ្នាំញៀនទីនោះ។ ក្រោយស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យមួយចំនួនមកសួរនាំ ពួកគេតែងតែសារភាពថា ថ្នាំញៀនទិញថ្ន្នាំញៀនពីទីតាំងកាស៊ីណូខាងលើ ទើបសមត្ថកិច្ចយើងឆ្មក់ចូលបង្ក្រាប ឈានដល់ការចាប់ខ្លួនមនុស្សរហូត១៥៥នាក់ និងដកហូតបានថ្នាំញៀនមួយចំនួនធំ។

ពាក់ពន្ធ័ករណីនេះ លោក ង៉េង សុជា ស្នងការរងផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចយើងបានធ្វើកាលពីម៉ោង៣រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់ម៉ោង៣ទាបភ្លឺព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ទើបបញ្ចប់។ជនសង្ស័យទាំងនោះត្រូវ បានឃាត់ខ្លួនបញ្ជូនតាមរថយន្តសឺរ៉ែន៣គ្រឿងនិង២រថយន្តក្រុង យកទៅសួនាំនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ បន្ទាប់ពីពិនិត្យទឹកនោមឃើញមានសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំងនោះ កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការច្បាប់៕