ខេត្តក្រចេះ៖ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយទិន្នន័យក្រីក្រឆ្នាំ២០១៨ និងពិគ្រោះយោបល់ ដើម្បីស្វែងរកយន្តការអនុវត្តអត្តសញ្ញាកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីផែនការ នៅសាលមហោស្រពខេត្តក្រចេះព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។
សិក្ខាសាលានេះ ក៍មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងផែនការ លោក លោកស្រី មន្ទីរអង្គភាព មកពីខេត្តចំនូន៤រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ។
មានប្រសាសន៍នៅក្នុងសិក្ខាសាលនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីផែនការ បានសំដែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមលោកជំទាវ លោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកចូលរួមក្នុងសិក្ខាសាលាដែលបានការគាំទ្រក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រក្នុងរយៈពេលកន្លងមករហូតទទួលបានទិន្នន័យគ្រួសារក្រីក្រដែលមានលក្ខណៈគួរឲ្យទុកចិត្តបាន ។
ឯកឧត្តម មានប្រសាសន៍ថា ការងារអាទិភាពនេះដើម្បីធានាប្រសិទ្ធភាព និងពន្លឿនល្បឿនកាត់បន្ថយភាពក្រីក្រ ក្រសួងផែនការបានដាក់ចេញនូវសំណុំអន្តរាគមន៍សេវា ដើម្បីកាត់បន្ថយចំណាយ ដោយផ្ដោតឱ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្តិដែលអាចបណ្ដាលឱ្យធ្លាក់ទៅរកភាពក្រីក្រ ឬធ្វើឱ្យស្ថានភាពលំបាករបស់ពួកគាត់កាន់តែមានសភាពធ្ងន់ធ្ងរឡើយ។ ដើម្បីសម្រេចបានគោលបំណងនេះ យើងពិតជាត្រូវការចាំបាច់នូវទិន្នន័យគ្រួសារក្រីក្រ ដែលមានបញ្ជាក់ច្បាស់លាស់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារ និងទីកន្លែងដែលមានគ្រួសារកំពុងរស់នៅ និងមានលក្ខណៈជាសេរ៊ីនៅតាមភូមិឃុំ សង្កាត់នីមួយៗដែលជាសេចក្ដីត្រូវការចាំបាច់ពុំអាចខ្វះបាន។
ឯកឧត្តមបានបន្តរថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងដើម្បីសម្រេចបាននូវសេចក្ដីត្រូវការទិន្នន័យនេះចាប់តាំងពី២០០៥មក ក្រសួងផែនការបានដឺកនាំរៀបចំ នីតិវិធីអត្តសញ្ញាណគ្រួសារក្រីក្រ ដែលានលក្ខណៈសុខដុមនីយកម្ម ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ ដែលមានបទពិសោធន៍ដោយមានសំយោគនូវនីតិវិធី និងលក្ខណៈវិច្ឆ័យទាំងឡាយដែលធ្លាប់បានដំណើរការដោយស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងបានដំណើរការសាកល្បងជាច្រើនលើក ច្រើនសាររហូតដល់ទទួលបាននូវការឯកភាពលើទស្សនៈវិស័យការងារ ដូចជា ចង្វាក់ការងារ យន្តការការងារ បង្កើតបាននូវនីតិវិធីអត្តសញ្ញាណគ្រួសារក្រីក្រជាតិមួយ សម្រាប់ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅតំបន់ជនបទ និងផ្សារភ្ជាប់ជាមួយស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាជននៅជនបទ និងដាក់ឱ្យដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ២០០៧មក។
ឯកឧត្តម រដ្ឋមន្ត្រី ក៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្កយ៉ាងម៉ុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងចាត់ទុកជាកម្មវិធីនេះ ជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការជម្រុញល្បឿនកាត់បន្ថយភាពក្រីក្រ ឱ្យបានឆាប់រហ័ស ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជានៅឆ្នាំ២០១៥ និងគៅលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ក្នុងការលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងការអត់ឃ្លាន ជាពិសេសនៅតាមតំបន់ជនបទដែលមានអត្រាប្រជាពលរដ្ឋក្រីក្រខ្ពស់ និងដាក់ឲ្យអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានគោលបំណងធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងលើការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ។ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យវែងឆ្ងាយក្នុងការឈានទៅសម្រេចបាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគាំពារសង្គម គឺជាការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាណហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជម្រុញកំណើនសេដ្ឋកិច្ច៕ ដោយ ប៊ុន មនោ





































