សកម្មភាពហ្វឹកហ្វឺនយុទ្ធដំណើរទ័ពប្រចាំឆ្នាំ២០១៩ របស់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ 

0

កំពង់ធំ៖ សកម្មភាពយុទ្ធដំណើរទ័ព របស់កងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺត្រូវបាន អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ ក្រោមការគាំទ្រ និង  ឯកភាព ពីសំណាក់ឯកឧត្តម អភិបាល នៃអភិបាលខេត្តកំពង់ធំ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និង ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤  ព្រម ទាំង បាន ការអនុម័តពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៩ ។ ការហ្វឹកហ្វឺនយុទ្ឋដំណេីរទ័ពដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំឆ្នាំ២០១៩នេះ គឺមានកម្លាំងចំនួន២៥០នាក់ ក្នុងនោះក៍មានសិក្ខាកាមចូលរួមចំនួន១០០នាក់ផងដែរ  គឺក្នុងគោលបំណង ឲ្យកងកម្លាំងទាំងអស់ មាន លទ្ធភាពគ្រប់គ្រាន់ និងមានសមត្ថភាព ក្នុងការការពារជាតិមាតុភូមិ ក្នុងនាមជាកងទ័ព  ត្រូវតែរឹងមាំខាង កាយសម្បទា និងស្វាហាប់ លត់ដំខ្លួននូវគ្រប់ការលំបាក និងនៅគ្រប់កាលៈទេសៈ ក្នុងពេលហ្វឹកហាត់ ។ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ញូង  ធី មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានមានប្រសាសន៍ណែនាំ ដល់បងប្អូនក្នុងពេលចេញយុទ្ឋដំណើរទ័ព ត្រូវតែអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ រក្សារបៀបរៀបរយ គោរពវិន័យរបស់កងទ័ព ចេះអត់អោនយល់យោគអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដូចពាក្យចាស់លោកថា នៅផ្ទះម្តាយទីទៃមកព្រៃម្តាយតែមួយ ក្នុងនាមជាកងកម្លាំង ត្រូវតែមានឆន្ទះមុះមុត យកឈ្នះឧបស័គ្គទាំងឡាយណា ឲ្យសម្រេចបានជោគជ័យ ប្រគល់ជូនអង្គភាព  ។ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ការធ្វើយុទ្ឋដំណើរទ័ព ក្នុងឆ្នាំនេះ គឺមានចម្ងាយផ្លូវ៣៥ គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់វាលព្រៃភ្នំ ជ្រោះជ្រលងដងអូរ ក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ជាមួយខេត្តព្រះ វិហារ និងខេត្តក្រចេះ ក្នុងសកម្មភាពយុទ្ធដំណើរទ័ព ក្នុងព្រៃឡង់គឺបានរៀបចំ សកម្មភាពប្រយុទ្ឋជាមួយខ្មាំង  ខណៈពេលដែលខ្មាំង បានពួនស្ទាក់វាយមកលើដំណើរទ័ព ដែលកំពុងតែធ្វើដំណើរល្បាតក្នុងភូមិសាស្រ្ត។ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ក្នុងយុទ្ធដំណើរទ័ពចម្ងាយ៣៥គ.ម ត្រូវបានធ្វើដំណើរដោយថ្មើរជើងក្នុងព្រៃជ្រៅដាច់ស្រយាល រយះពេល២យប់ និង៣ ថ្ងៃ ក្រោយពីយុទ្ធដំណើរបានទៅដល់គោលដៅ  គឺមានរថយន្តទៅដឹកជញ្ជូន កងកម្លាំងពីភូមិសាស្ត្រស្រុកសណ្តាន់ ដើម្បីមកកាន់ទីតាំង អង្គភាពវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមរៀបចំពិធីបិទវគ្គនៅពេលខាងមុខនេះ ក្នុងនោះឯកឧត្តម មេបញ្ជាការបានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះជាមិន មានសង្រ្គាមពិតក្តី តែត្រូវអនុវត្តន៍តាមផែនការ ហ្វឹកហ្វឺនដែលបានកំណត់ ក្នុងសកម្មភាពវាយសង្គ្រប់ទៅលើខ្មាំង ហើយត្រូវប្រុងប្រយ័ត្ន ទាំងពេលស្នាក់នៅ ទាំងការធ្វើដំណើរ និងការហូបចុកក្នុង ពេលយុទ្ឋដំណើរដោយត្រូវរក្សាសុខភាពជាចំម្បង ។

ដោយ ប៊ុន រដ្ឋា