បុរសម្នាក់សង្ស័យបែកថ្នាំបានដុតបំផ្លាញផ្ទះខ្លួនឯង រួចគំរាមសម្លាប់ប្រពន្ធកូនចោល

0

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងដោយដុតផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះសង់ថ្មីស្ថិតក្នុងភូមិអណ្ដូងទី៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសជាជនសង្ស័យមានឈ្មោះ បោន ស្រស់ អាយុ៣៨ មុខរបរមិនពិតប្រាកដមានប្រពន្ធឈ្មោះចុង សុខលាភ អាយុ៤២ឆ្នាំអ្នកទាំង២មានកូនប្រុស៣នាក់ក្នុងបន្ទុកស្នាក់នៅភូមិកើតហេតុខាងលើ។នៅមុនពេលកើតហេតុបុរសជនសង្ស័យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្លួនឯង ដោយប្រពន្ធឃាត់មិនស្ដាប់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហើយពេលសមត្ថកិច្ចមកដល់ គ្រាន់តែជនសង្ស័យក្រឡេកឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យក៏បានដាក់គន្លឹះពីក្នុងខណៈក្រុមគ្រួសារចេញក្រៅអស់ហើយ ក៏ប្រមូលរបស់របរទ្រព្យសម្បត្តិក្នុងផ្ទះគរដុតនៅលើពូកជាន់ឡៅតឿបណ្ដាលឲ្យឆេះពូក តែត្រូវបានគេទម្លុះទ្វារពន្លត់ទាន់ពេល។
ភ្លាមៗនោះជនសង្ស័យបានឡើងទៅលើដំបូលផ្ទះទោះបីក្រុមគ្រួសារព្យាយាមលួងលោមឲ្យចុះមកក្រោម ក៏ជននោះមិនព្រមស្ដាប់ដែរ ដោយឡែកជននោះក៏បានយកដែកចាក់ខ្លួនឯងនៅលើដំបូលផងដែរ ប្រមាណ៣ម៉ោងក្រោយមក គឺនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទើបសមត្ថកិច្ចប្រើជំនាញពិសេសរហូតជននោះលោតមកក្រោម ហើយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតែម្តង៕