អភិបាលរងខេត្តតាកែវជម្រុញដល់ក្រុមប្រឹក្សាស្រុកអង្គរបូរីដែលប្រកាសចូលកាន់តំណែង និនិងរដ្ឋបាលសាលាស្រុក ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម​និងយក​សំណូមពរ​ប្រជាពលរដ្ឋ​ជាអាទិភាព

0

តាកែវ៖ អភិបាលរងខេត្តតាកែវ លោក មូល វិចិត្រ បានជម្រុញ និងក្រ្រើនរំលឹកទៅដល់ក្រុមប្រឹក្សស្រុកអង្គរបូរី ដែល​ទើប​នឹងប្រកាសចូលកាន់តំណែងអាណត្តិទី៣ និងរដ្ឋបាលសាលាស្រុក ត្រូវតែរួបរួមគ្នា ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានឲ្យបានល្អ និងចាត់ទុកសំណូមពររបស់​ប្រជា​ពលរដ្ឋជាអាទិភាព ។

ថ្លែងនៅចំពោះមុខសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកអង្គរបូរី នៅក្នុងពិធីប្រកាស​ចូលកាន់​តំណែងក្រុមប្រឹក្សាស្រុកអង្គរបូរី អាណត្តិទី៣ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដែលរៀបចំ​ធ្វើ​ឡើង​នៅសាលប្រជុំសាលាស្រុក លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ មានប្រសាសន៍ថា បញ្ហាប្រឈម ក៏ដូចជាការសំណូមពរ​របស់បងប្អូន​ប្រជា​ពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីរាជការដែលជាអ្នក បម្រើពួកគាត់ ត្រូវតែដោះស្រាយឲ្យបានភ្លាមៗ ដើម្បី​ឆ្លើយ​តបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋ ដែលមានបំណងឲ្យយើងដែលជាមន្រ្តីជួយដល់គាត់​ឲ្យបាន​ឆាប់ តាមដែលអាចធ្វើបាន ។
លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បន្ថែមទៀតថា ការដោះស្រាយបញ្ហា និងការសំណូមពររបស់ពលរដ្ឋ​ឲ្យបានឆាប់រហ័សនេះ វានឹងធ្វើឲ្យពួកគាត់មានជំនឿជឿជាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈសកម្មភាពការងាររបស់មន្រ្តីមូលដ្ឋាន ជាពិសេសពលរដ្ឋនឹងមានភាពកក់ក្តៅយ៉ាងខ្លាំង ព្រោះតែយើងដែលជាមន្រ្តីរាជការ បានបំពេញកាតព្វកិច្ចយ៉ាងល្អ ក្នុងការបម្រើសេវាសាធារណៈជូ​ន​ពួក​គាត់ដោយអស់ពីចិត្ត​និងចេញពីបេះដូងពិតៗ ។
បើតាម លោក មូល វិចិត្រ ក្រៅតែពីការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈម​នានានៅក្នុមូលដ្ឋាន និងយកសំណូរពរប្រជាពលរដ្ឋជាអាទិភាពនោះ លោកក៏បានផ្តាំផ្ញើទៅដល់​ក្រុមប្រឹក្សក្សាស្រុកនិងរដ្ឋបាលសាលាស្រុកអង្គរបូរី ត្រូវមានសាមគ្គីផ្ទៃក្នុងឲ្យបានល្អរឹងមាំ ដោយមិនត្រូវមាន​ចិត្តគុំគួន ឬច្រណែន​ដាក់​​គ្នាទៅវិញទៅមកនោះឡើយ ដោយឈរលើគោលការណ៍ឯកភាពរដ្ឋបាល​តែមួយ ពិសេសពិសេសធ្វើយ៉ាងណាឲ្យស្រុកអង្គរបូរី មានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង​ ដើម្បី​ជា​ឧត្តម​ប្រយោជ​​ន៍​សម្រាប់​ប្រជាជន ៕