ត្រាក់ទ័រ១គ្រឿងបានរងការឃាត់ និងយកមករក្សាទុក្ខ ដោយកម្លាំងបរិស្ថានស្នាក់ការទំនប់សួង!

0

សៀមរាប: ត្រាក់ទ័រចំនួន១គ្រឿងបានរងការបង្ក្រាប ដោយកម្លាំងមន្ត្រីបរិស្ថានមួយក្រុម នៅក្នុងគ្រាចេញល្បាតតាមភូមិសាស្ត្រទទួលខុសត្រូវ ខណៈពេលកំពុងលួចឈូសឆាយដីព្រៃលិចទឹក កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ នៅចំនុចអូរកេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាម។ រីឯម្ចាស់ដាក់មេប្រូកបាត់ស្រមោល។ ចំណែកត្រាក់ទ័រត្រូវបានកម្លាំងនាំមករក្សាទុក្ខនៅទីស្នាក់ការបរិស្ថានទំនប់សួង និងធ្វើរបាយការណ៍ដាក់ទៅមន្ទីរបរិស្ថានខេត្តសៀមរាប ដើម្បីឲ្យមន្ទីរបរិស្ថានខេត្តធ្វើការដោះស្រាយបន្តទៅតាមនិតិវិធីច្បាប់ របស់ក្រសួងបរិស្ថានផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទពីលោក សិុន គក់ ប្រធានបរិស្ថានស្នាក់ការទំនប់សួង។

ពាក់ព័ន្ធនឹងបញ្ហាបង្ក្រាប របស់មន្ត្រីបរិស្ថានខាងលើនេះ អភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រឿងនេះលោកបានដឹងដែរ ប៉ុន្តែលោកនៅមិនទាន់ដឹងថា គេដោះស្រាយយ៉ាងណានោះទេ? ព្រោះនៅពេលដើរល្បាត របស់កម្លាំងបរិស្ថានមិនមានការស្នើសុំកម្លាំងស្រុកសហការជាមួយនោះឡើយ។ ដូច្នេះរឿងដោះស្រាយបែបណា វាគឺជារឿងរបស់ក្រសួងបរិស្ថានចុះ។

ជាមួយគ្នានោះ អ្នកសារព័ត៌មាន បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ ទៅកាន់លោក ប៉ែន វីរះ នាយករងការិយាល័យបរិស្ថានទទួលបឹងទន្លេសាបភូមិសាស្រ្តខេត្តសៀមរាប ដើម្បីសុំការបំភ្លឺបន្ថែម ប៉ុន្តែការទំនាក់ទំនងនេះ និយាយស្តាប់គ្នាមិនបាន ដោយសារសេវ៉ាទូរស័ព្ទខ្សោយ។ បន្ទាប់មកក៏បានព្យាយាមធ្វើការទំនាក់ទំនងបន្តទៅលោក តេក វណ្ណា អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបទទួលបន្ទុកបឹងទន្លេសាបភូមិសាស្រ្តសៀមរាប ប៉ុន្តែនៅមិនអាចទាក់ទងបានដ៏ដែល ព្រោះទូរស័ព្ទគ្មានសេវ៉ា។

ជុំវិញការចាប់ត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកនេះផងដែរ មានប្រជាពលរដ្ឋមួយចំនួនដែលស្រលាញ់ព្រៃលិចទឹក បានសប្បាយចិត្តទៅលើចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ច ក្នុងថែរក្សាការការពារកន្លែងដែលជាជម្រកជីវះចម្រុះ។ រីឯពលរដ្ឋមួយចំនួនធំ បែជាសើចចំអកទៅលើចំណាត់ការបង្ក្រាបរបស់មន្ត្រីបរិស្ថាននេះទៅវិញ ដោយសង្ស័យថាការបង្ក្រាបខាងលើនេះ មកពីម្ចាស់ត្រាក់ទ័រមិនបានបង់សេវ៉ាកម្មមុន ទើបបានជារងការបង្ក្រាបបែបនេះ។ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា ប្រសិនបើមន្ន្រីបរីស្ថាន មិនអនុវត្តច្បាប់របស់សួងបរិស្ថានមានស្តង់ដាពីរទេ ម្លេះព្រៃលិចទឹកទាំង៧ឃុំ ក្នុងស្រុកជីក្រែង មិនរលាយស្ទើតែគ្មានសល់នោះទេ។ក្នុងនោះរួមមាន÷ឃុំឬស្សូលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំជីក្រែង ឃុំកំងក្តី ឃុំអន្លង់សំណរ ឃុំស្ពានត្នោត និងឃុំល្វែងឬស្សីឧក្រិដ្ឋកម្មព្រៃលិចលិចកើតឡើងរៀងរាល់ឆ្នាំទោះបីជាមន្ត្រីជំនាញដាក់ផ្លាកហាមកាប់ព្រៃលិចទឹកយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋជនមិនខ្លាចឡើយ។ ជាក់ស្ដែងផ្លាកដែលដាក់ថាហាមកាប់ព្រៃលិចទឹកនៅចំខាងជើងប្រអប់ចកមស្ថិតក្នុងភូមិព្រៃប្រស់ ឃុំសង្វើយ ត្រូវបានជនល្មើសឈូសឆាយយ៉ាងដំណំ ។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរ ទៅលោកស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងលោកអព្រិន សាវិន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មេតាជ្រើសរើសមន្ត្រីណាដែលចេះស្រឡាញ់ធម្មជាតិ ជៀសវាងយកមន្ត្រីមាន់ពងនឹងស្រូវមកប្រើការ៕ដោយអ៊ុកផ្លុង