ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីពីរនាក់ បានធ្វើដំណើរដោយរថយន្តមួយគ្រឿង ហើយបត់ត្រឡប់ក្រោយ មិនប្រយ័ត្នបណ្ដាលឲ្យបោកគូទរថយន្ត ទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿង ដួលរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ រួចចុះពីរថយន្តរកវាយគេឯងទៀត។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីនៅវេលាម៉ោង៣៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវម៉ៅសេទុង ចំណុចស្តុបជល់ផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីកន្លងែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រីពីរនាក់ បើកបរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-2226 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងសន្ថានភាពស្រវឹងស្រាជោគ ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងត្រឡប់ក្រោយវិញ បណ្ដាលឲ្យគូទរថយន្តបោកទៅប៉ះ នឹងម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-0616 ជិះដោយយុវជនបីនាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យដួលផ្ទុបនឹងថ្នល់ រងរបួសធ្ងន់២នាក់ ស្រាលម្នាក់។
ភ្លាមៗនោះ ក៏មានរថយន្តគ្លីនិចឯកជន មកដឹកជនរងគ្រោះទៅសង្គ្រោះជីវិតផងដែរ ហើយក្នុងហេតុការណ៍នោះ ជនជាតិចិនបានចុះពីរថយន្តមកវាយគេឯងថែមទៀត។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចរាចរណ៍ ឲ្យមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕




































