កំពង់ធំ: ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ចើញជា អធិបតីភាព ក្នុងពិធីប្រកាសតែងតាំង គណអភិបាលស្រុកបារាយណ៍ និងក្រុមប្រឹក្សាស្រុកបារាយណ៍ ចំនួន២០ រូប ស្ថិតនៅក្នុងបរិវេណសាលាស្រុកបារាយណ៏ នាព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៩។
ពិធីប្រកាស ដោយឆ្លើយតបទៅនិង ការយកចិត្តទុកដាក់ខិតខំបំរើការការងារ ជូនជាតិមាតុភូមិ
រាជរដ្ឋាភិបាល បានជឿជាក់និងទុកចិត្ត ចំពោះលោក អ៊ួង សារឿន ជាអភិបាលស្រុកបារាយណ៍ និងលោក ហាក់ ម៉ូវសេង ជាប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ និងរចនាសម្ព័ន្ធ រដ្ឋបាលស្រុកបារាយណ៍ ដែលមាន មន្ត្រីរាជការ ប្រធានអនុប្រធានការិយាល័យ កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋ សរុបជាង៥០០នាក់។
លោក ហាក់ ម៉ូវសេង ប្រធានក្រុមប្រឹក្សាជាប់ឆ្នោតស្រុកបារាណ៍ ថ្មី បានប្តេជ្ញាចិត្ត ដឹកនាំសមាជិកក្រុមប្រឹក្សា ដោយគោរពតាមលក្ខខណ្ឌ របស់ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឲ្យមានទៀតទាត់ និងអនុវត្តទិសដៅការងារបន្ត ពីអាណត្តិទី២ រួបរួមសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យទទួលបានការរីកចម្រើន។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំឲ្យក្រុមប្រឹក្សាអាណត្តិជាប់ឆ្នោត ស្វែងយល់អំពីច្បាប់ និងអនុក្រិត្យផ្សេងៗស្តីពី ការគ្រប់គ្រងដឹកនាំការងារ ជាហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមប្រឹក្សា ដោយគណៈក្រុមប្រឹក្សា និងគណៈអភិបាលគឺ ធ្វើការទទឹមគ្នា ជម្រុញអោយ មានការចាត់ប្រជុំ ឲ្យបានទៀតទាត់ គោរពបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា រួមគ្នា រៀបចំសំអាត បរិវេណទីធ្លាសាលាស្រុក ឲ្យក្លាយទៅជា កន្លែងធ្វើការបំរើពលរដ្ឋ និងមានប្រជាប្រិយភាព ព្រោះជាកន្លែងសំខាន់ ដែលជាគំរូ ក្នុងការផ្តល់សេវាសាធារណៈ។
និងត្រូវ អនុវត្ត ទី១៖ ការលើកកម្ពស់ទំនាក់ទំនងគណនេយ្យភាព រវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅ ប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទី២៖ ជំរុញផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។
*ទី៣៖ បង្កើនធនធានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតផ្ទេរធនធានពីថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព។
ទី៤៖ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ។
ទី៥៖ លើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម សុខ លូ បានសំណូមពរ ឲ្យចូលរួមទាំងអស់គ្នា ទប់ស្កាត់ការជួញដូរចែកចាយគ្រឿងញៀន និងរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពន្យល់ណែនាំដល់ អ្នកប្រើប្រាស់យានយន្តកែច្នៃ ដែលចរាចរណ៍លើ ដងផ្លូវសាធារណៈ ដោយមិនមានការ បំពាក់ស្លាកសញ្ញា ភ្លើងស្តុប ដែលជាហេតុនាំឲ្យមានការគ្រោះថ្នាក់ ។
ដោយ ប៊ុន រដ្ឋា




































