មនុស្សប្រុស-ស្រី៣នាក់ បានរងរបួសធ្ងន់ក្នុងហេតុការណ៍ស្ទួចផ្ទះរំកិលសង្ស័យខុសបច្ចេកទេសរលំបាក់សង្កត់លើ!

0

កំពង់ចាម​:​ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រីចំនួន៣នាក់ បានរងរបួសធ្ងន់ នៅក្នុងចំណោមប្រជាពលរដ្ឋ ជាច្រើនអ្នកផ្សេងទៀតបានគេចផុត ខណៈពេលស្ទូចផ្ទះរំកិលប្តូរទីតាំង សង្ស័យខុសបច្ចេកទេស រលំដួលបាក់សង្កត់លើ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង ៩.២០នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅក្នុង​ភូមិ​វត្ត​ ឃុំ​ទួល​ព្រះ​ឃ្លាំង​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅមុនពេលកេីតហេតុ លោក ទូច​ អ៊ន់ និង​ប្រពន្ធឆេង​ ឈឿន ដែលជាម្ចាស់ផ្ទះរលំបាក់ រស់នៅភូមិឃុំកើតហេតុខាងលើ បានហៅក្រុមជាង១ក្រុម និង​ពឹងពាក់បងប្អូនប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ផ្សេងទៀត ឲ្យ​មកជួយ​ស្ទួច​ផ្ទះ ដើម្បីរំកិលប្តូរទីតាំងផ្លាស់ទៅរកកន្លែង​ថ្មី​។ ប៉ុន្តែជាអកុសលស្រាប់តែ​ស្រុតរលំដួលក្នុងពេលរំកិល សង្ស័យខុសបច្ចេកទេស សង្កត់មកលើប្រជាពលរដ្ឋបីអ្នកបណ្តាលឲ្យរងរបួស​ធ្ងន់។

ដោយជនរងគ្រោះទី១មានឈ្មោះ មិន ឆុន ភេទប្រុស​ អាយុ​៥៤ឆ្នាំ​ ទី២-ឈ្មោះ​ ឆុន ឈុយ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ និង​ទី៣-ឈ្មោះ​ គង់ ស្រូយ ភេទស្រី​ អាយុ​៥៥ឆ្នាំ​។ សមត្ថកិច្ចបានបន្តឲ្យដឹងដែរថា ផ្ទះដែលរលំបាក់សង្កត់មនុស្សឲ្យរងរបួសខាងលើនេះ ជាប្រភេទផ្ទះឈើ មានទំហំ៦x១១ម៉ែត្រ ជញ្ជាំង​ក្តារ​ ដំបូលប្រក​ក្បឿង។ ហើយនៅក្នុងករណីនេះ ក៏បណ្តាលឲ្យម៉ូតូចំនួន២គ្រឿងរងការខូចខាតផងដែរ។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវ​បានក្រុមគ្រួសារ រួមនិងអាជ្ញាធរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមភ្លាមផងដែរ៕