កំពង់ចាម: សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងប្រកាសព្រះរាជក្រឹត្យតែងតាំងព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីរាជការជុំវិញខេត្ត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានថ្លែងថា ពិធីបេីកបវេសនកាលឆ្នាំថ្មីនេះ គឺមានសារៈសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់សមណនិស្សិត-និស្សិតទាំងថ្មី ទាំងចាស់ ដែលទេីបនឹងបានចូលរៀនដំបូងសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដេីម្បីក្រេបជញ្ជក់នូវចំណេះដឹង ចំណេះថ្វេី និងបទពិសោធន៍ល្អៗ ពីការសិក្សា នឹងក្លាយខ្លួនជាសមណនិស្សិត-និស្សិតល្អ ជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ និងសាសនា ។ ដែលពិធីនេះបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ទាំងនេះជាសក្ខីកម្មមួយឆ្លុះបញ្ចាំងឲ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព និងគាំទ្រវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានតួនាទីសំខាន់ មិនត្រឹមតែក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលផងដែរ ។ 
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងចូលរួមអបអរសាទរជាមួយព្រះសោមវេទី អ៊ឹម សុភក្តិ ដែលទទួលបានការតែងតាំង នូវទួរគីជាព្រះសាកលវិទ្យាធិការដ៏សក្ដិសម និងឧត្តុង្គឧត្ដមនាពេលនេះ ។ ជាការលេីកទឹកព្រះទ័យដ៏ប្រពៃមួយ ដេីម្បីឆ្លេីយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងព្រះកាយ និងព្រះបញ្ញាញាណ ចូលរួមក្នុងសកម្មភាពផ្សេងៗបម្រើដល់វិស័យពុទ្ធិកសិក្សា សាសនា ក៏ដូចជាក្នុងសង្គមជាតិទាំងមូល ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ
ក្នុងរយៈកាលកន្លងមក ។ ហើយការសម្រេចតែងតាំងព្រះសោមវេទី អ៊ឹម សុភក្តិ គឺដើម្បីបន្តគ្រប់គ្រង និងដឹកនាំអង្គភាពនេះ ឲ្យមានការដំណើរការវិវត្តន៍និងរីកចម្រើនទៅមុខ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕





































