យុវជន៤នាក់បានស្លាប និង២នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរចំនួនពីរករណី នៅស្រុកជាំក្សាន្ត!

0

ព្រះវិហារ: យ៉ាងហោចណាស់មានយុវជន៤នាក់ បានស្លាប់ជាបន្តបន្ទាប់ និង២នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដែលកើតឡើងចំនួនពីរករណី ដោយមួយករណីបើកបរបង្កឡើងដោយខ្លួនឯង កាលពីវេលាម៉ោង១៥.៣០នាទី ត្រង់ចំណុចកែងក្របីស្លាប់ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនិងកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ ក្នុងពេលធ្វើដំណើរឌុបគ្នាចុះពីលើភ្នំក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ថន លាភ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករអូសរទេះ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ (ស្លាប់) ទីពីរឈ្មោះ ធីម សំអូន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មករអូសរទេះ (រងរបួសធ្ងន់) និងទីបីឈ្មោះ ឌឺន វណ្ណដេ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករអូសរទេះ (រងរបួសធ្ងន់) យុវជនទាំងបីអ្នករស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ ទើបខាងមន្ទីរពេទ្យស្រុកបានសម្រាច់បញ្ជូនជនរងគ្រោះបន្តទៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។ ចំណែកម៉ូតូម៉ាកវ៉េវRSX110RSI ពណ៌ក្រហមគ្មានស្លាកលេខ បានរងការខូចខាត ត្រូវបានសាច់ញាតិក្រុមគ្រួសារសពយកទៅរក្សាទុក នៅគេដ្ឋានរបស់ពួកគាត់។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥.១០នាទី ក៏មានករណីគ្រោះថ្នាក់ចរាចរមួយទៀតបានកើតឡើង រវៀងរថយន្តសេរីទំនើប បុកជាមួយនិងម៉ូតូ បណ្តាលឲ្យយុវជនចំនួន២នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនរងគ្រោះទីមួយឈ្មោះ ចំរើន ណារ៉ុង ភេទ​ប្រុស អាយុ១៧ឆ្នាំ (ស្លាប់នៅនិងកន្លែង) រស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទីពីរឈ្មោះ កែវ ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ (ស្លាប់នៅនឹងកន្លែង) រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, និងទីបីឈ្មោះ ជូ ណាក់ ភេទប្រុសអាយុ១៦ឆ្នាំ (ស្លាប់) ក្រោយបញ្ជូន​ដល់​មន្ទីពេទ្យ រស់នៅភូមិកន្ទួត ​ឃុំកន្ទួត ​ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យុវជនទាំងបីនាក់ ជាសិស្សរៀននៅថ្នាក់ទី៨D នៃអនុវិទ្យាល័យជាំក្សាន្ត។

លោកវរសេនីយ៍ទោ ឱ សេង បន្តថា ហេតុការណ៍នេះបានកើតឡើង ត្រង់ចំនុចមុខខ្លឹបកំសាន្តវិឡាផ្កាយមាស ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១-២​ បង្ករដោយរថយន្តម៉ាក Ranger ពណ៌ស ពាក់ស្លាកលេខ 2AY9595 ក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរត្រូវបានគេស្គាល់អត្តសញ្ញាណ មានឈ្មោះ គឹមជាតិ ត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានរត់គេចខ្លួនក្រោយកើតហេតុរួច។ រីឯម៉ូតូជនរងគ្រោះម៉ាកC125​​ពណ៌ខ្មៅ ឆ្នាំ២០១៩ ពពាក់ស្លាកលេខព្រះវិហារ1C.75.55។

អធិការនគរបាលស្រុកជាំក្សាន្តបានបន្ថែមថា បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ ចំណែកវត្ថុតាងសមត្ថកិច្ចបានស្ទូចដឹកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តរងចាំដោះស្រាយគ្នាទៅតាមនិត្តិវិធីច្បាប់នៅពេលក្រោយ៕