ឯកឧត្តម ជាវ តាយ និងភរិយា រួមជាមួយថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខ និងនាំយកថវិកា និងសម្ភារៈមួយចំនួនចូលរួមបុណ្យសពកម្មករសំណង់ចំនួន៨នាក់ ស្លាប់ក្នុងឧបទ្ទវហេតុរលំអាគារនៅខេត្តព្រះសីហនុ

0

ព្រះសីហនុ៖ នៅរសៀល ថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញអមដំណេីរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពកម្មករសំណង់ដែលរងគ្រោះដោយសារអគារបាក់រលំសង្កត់ស្លាប់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ចំនួន៨នាក់ ស្ថិតនៅក្នុង ស្រុកកំពង់ត្រាច(០៦នាក់) និងស្រុកដងទង់(០២នាក់) ខេត្តកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពី គណ:ប្រតិភូកាកបាទក្រហមកម្ពុជា សប្បុរសជនសាខាកាកបាទក្រហមខេត្ត អភិបាលរងខេត្ត សមាជិកសមាជិកា សាខាកាកបាទក្រហមខេត្ត គណ:អភិបាលស្រុកកំពង់ត្រាច អនុសាខាកាកបាទក្រហមស្រុក។

ក្នុងឱកាសនោះគណៈប្រតិភូបាននាំមកជាមួយនូវអំណោយជាសម្ភារ: និងថវិកាមួយចំនួន សម្រាប់ចូលបុណ្យ ដោយក្នុង១គ្រួសាររួមមាន៖ អង្ករ ១០០ គីឡូក្រាម, មី ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកសុទ្ធ ៥កេស, ត្រីខ ៥យួរ និងថវិកា៦,២០០,០០០រៀល ក្នុងនោះ ថវិកាកាកបាទក្រហមកម្ពុជា ៥លានរៀល, ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត១លានរៀល, ថវិកាអនុសាខាកាកបាទក្រហមស្រុក ២០ម៉ឺនរៀល (ថវិកាសរុបចំនួន៤៩,៦០០,០០០៛)៕