កំពង់ចាម : ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៩នេះ បាន នាំ យក អំណោយមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ចែកជូនប្រជាពលរដ្ឋដែល ទទួល រងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន២៧គ្រួសារ នៅភូមិខ្នុរដូង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
មុន នឹង ធ្វើ ការ ប្រគល់ អំណោយ មនុស្សធម៌ នេះ ឯកឧត្ដម អភិបាល ខេត្ត រួម នឹង ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ បានធ្វេីការស្មឹងស្មាតគោរពវិញ្ញាខន្ធ បងប្អូន កម្មករ កម្មការនី ដែលបានបាត់បង់ជីវិតក្នុងឧប្បទេវហេតុបាក់រលំអាគារនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ថ្មីៗ នេះ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសពដែលរកឃេីញ និងមិនទាន់រកឃេីញ ដោយ សូម ឲ្យ បានទៅកាន់សុគតិភពផងដែរ។
ថ្លែង ក្នុង ឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជូនចំពោះ និងការចែករំលែកនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ២៧គ្រួសារ ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ។ 
ឯកឧត្ដម អភិបាលខេត្ត បាន ថ្លែង ថា បច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែ ពេលនេះ បែរជាគ្រោះធម្មជាតិ បានមកគម្រាមកំហែងសេចក្ដីសុខ របស់បងប្អូន ទៅវិញ ប្រការនេះហើយ បានធ្វើឲ្យបងប្អូនមិនអាចចេញទៅប្រកបមុខរបរ នៅខាងក្រៅបានភ្លាមៗនោះទេ ពីព្រោះថា បងប្អូនត្រូវការពេលវេលា និងថវិកា ដើម្បី ជួសជុលលំនៅដ្ឋានស្នាក់អាស្រ័យ ឡើងវិញ ។ 
ឯកឧត្ដម បាន ថ្លែង បន្ត ថា ជាការឆ្លើយតប ក៏ដូចជាការរួមចំណែកនូវទុក្ខលំបាកនេះ កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែណែនាំ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ និងពិនិត្យមើល ស្ថានភាពរបស់ប្រជាពលរដ្ឋយើង ជាពិសេស បងប្អូនដែលបានជួបគ្រោះថ្នាក់ ដោយធម្មជាតិ ដើម្បី រួមចំណែកស្ដារអ្វីដែលបានប៉ះពាល់ និងបាត់បង់សាជាថ្មីឡើងវិញ ទោះបីមិនគ្រប់ជ្រុងជ្រោយក្ដី វាក៏ជាផ្នែកមួយ បានចូលរួមចំណែកជួយដល់ការដោះទ័ល និងរំលែកនូវទុក្ខលំបាក របស់បងប្អូន បានមួយគ្រា និងទាន់ពេលវេលា ផងដែរ ពោលគឺ អាជ្ញាធរ មិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឲ្យរងគ្រោះថ្នាក់ដល់ស្លាប់ ដោយសារអត់បាយ តែមិនបានដឹងលឺនោះឡើយ ។
នាឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង ២៧គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្គរ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១០ម៉ឺនរៀល ។ ចំណែកឯ គ្រួសាររងគ្រោះរលំ និងប៉ើងតំបូលផ្ទះទាំងស្រុង ២គ្រួសារ ទទួលបានថវិកា ១លានរៀល និងបន្ថែមនូវសម្ភារៈផ្ទះបាយ ដែលជាអំណោយបានមកពីការចូលរួមចំណែក ពីព្រះសង្ឃ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរថា បន្ទាប់ ពី ការ ចុះ ចែក អំណោយ មនុស្សធម៌ ជូន បងប្អូន ប្រជាពលរដ្ឋ ឯកឧត្តម អភិបាល ខេត្ត ក៏ បាន ជួបសំណេះសំណាល ជាមួយ ព្រះ សង្ឃ និង លោក តា លោក យាយ នៅវត្ត ជីបាល ស្ថិត ក្នុង ឃុំ ជីបាល ស្រុក ស្រីសន្ធរ ហើយ ក៏ បាន ចុះ ពិនិត្យ ការ ស្ថាបនា ផ្លូវ ដែល ជា សមិទ្ធផល ថ្មី ៗ ដែល អ្នក រស់នៅ ក្នុង ឃុំ ជីបាល ស្រុកស្រីសន្ធរ គឺជិតទទួលបានផ្លូវកៅស៊ូមួយខ្សែទៀត ដែលជាការសម្រួលដល់ការធ្វេីដំណេីរ និងដឹកកសិផល ថ្វីត្បិត តែ ស្រុកស្រីសន្ធរ អភិវឌ្ឍ យឺតបន្តិច ប៉ុន្តែ ប៉័ន្មានឆ្នាំចុងក្រោយនេះ ទទួលបានសមិទ្ធិផលច្រេីនជាងគេ គឺផ្លូវមេច្រេីនខ្សែបានស្ថាបនាជាបន្តបន្ទាប់ ទាំង ផ្លូវ បេតុង និង ផ្លូវ កៅស៊ូ ៕




































