​វៀតណាម​៖​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៦​នាក់

0

​នៅ​ប្រទេស​វៀតណាម កងទ័ព​បានប្រកាស​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ក្នុង​ថ្ងៃ​ចន្ទ ទី​៧ កក្កដា​នេះ​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​របួស ៥​នាក់​ផ្សេងទៀត​។ ឧប្បត្តិហេតុ​នោះបាន​កើតមានឡើង​នៅក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ​ស្ថិត ប៉ែក​ខាងលិច​ទីក្រុង​ហាណូយ ខណៈពេលដែល​កងទ័ព​កំពុង​ធ្វើ​សមយុទ្ធ​លោតឆ័ត្រ​យោង​។​

​យោងតាម​ប្រភព​យោធា​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​នោះ​មាន​ប្រភេទ MI-១៧១ សល់​ពី​សម័យ​សហភាព​សូ​វៀត និង​កំពុង​ដឹក​ទាហាន​ចំនួន ២១​នាក់​នៅពេល​មាន​គ្រោះថ្នាក់​។ ឧ​ត្ត​ម​សេនីយ​វ៉ូ វ៉ាន់​ទាន់​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​មិនបាន​បង្ក​ឲ្យ​មាន​ស្លាប់ ជន​ស៊ីវិល​ណា​ម្នាក់​ទេ ព្រោះ​វា​បាន​ធ្លាក់​ទៅលើ​តំបន់​មួយ​ដែល​មិនសូវមាន​មនុស្ស​រស់នៅ​ច្រើន ស្ថិត​ចម្ងាយ​ប្រមាណ​ជា ៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ទីក្រុង​ហាណូយ​។

គេ​នៅ​មិនទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ជុំវិញ​គ្រោះថ្នាក់​ធ្លាក់ ឧទ្ធម្ភាគចក្រ​នោះ​នៅឡើយ​ទេ តែបើ​យោងតាម​រូប​ឧ​ត្ត​ម​សេនីយ​វ៉ូ វ៉ាន់​ទាន់​ដដែល គ្រោះថ្នាក់​បានកើត​ចេញពី​បញ្ហា​បច្ចេកទេស គឺ​មិនមែន​មកពី​ធាតុអាកាស​មិនល្អ ឬមួយ​ក៏​មកពី​វិច្ឆេទកម្ម​ណាមួយ​ទេ​។​ ​បើ​ផ្អែក​តាម​សាក្សី​មួយចំនួន​នៅក្បែរ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​នោះ​ហោះ​ក្នុង​កំពស់​ទាប រួច​ក៏​ប៉ះ​ដី​ផ្ទុះ​តែម្តង និង​ថា អ្នកបើក​ឧទ្ធម្ភាគចក្រ​បាន​ព្យាយាម​បើក​បញ្ចៀស​ទីផ្សារ និង​ផ្ទះសម្បែង​របស់​ប្រជាជន​ដែល​រស់នៅ​ម្តុំ​នោះ​។

តាម​រូប​សាក្សី​ដដែល ដំបូង​គេ​ឮសូរ​សម្រែក​សុំ​ជំនួយ ក្រោយមក​ក៏​ឮ​សម្លេង​ផ្ទុះ​មួយទៀត​ដែល​បង្កប់​ដោយ​ផ្សែងខ្មៅ​ងងឹត​។ នៅក្រោយ​ការផ្ទុះ​ភ្លាម ប្រជាជន​ក៏បាន​នាំគ្នា​ចូលរួម​ជួយ​ពន្លត់ភ្លើង និង​ទាញ​មនុស្ស​ចេញពី​ឧទ្ធម្ភាគចក្រ​នោះ​។ តុល្យការ​បណ្តោះអាសន្ន​ចុងក្រោយ មាន​ស្លាប់ ១៦​នាក់ និង​របួស ៥​នាក់​នៅក្នុង​ចំណោម​មនុស្ស​សរុប​ទាំង ២១​នាក់​ដែល​ជិះ​នៅក្នុង​ឧទ្ធម្ភាគចក្រ​នោះ​។ ពេញ​មួយថ្ងៃ​ចន្ទ​នេះ ផ្លូវ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ និង​តំបន់​ជុំវិញ​ត្រូវបាន​បិទ​មួយរយៈ​។​ ​សូម​រម្លឹក​ជូន​ថា កាលពី​ឆ្នាំ ២០០៨ ក៏​ធ្លាប់មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​មួយគ្រឿង​ផលិត​ក្នុងប្រទេស រុស្ស៊ី​ដែរ​នៅ​តំបន់​ក្បែរ​ទីក្រុង​ហាណូយ​ក្នុង​ពេលធ្វើ​សមយុទ្ធ​ដូចគ្នា នេះ ដោយបាន​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើក​យន្តហោះ​ចំនួន ៥​នាក់​៕