កំពង់ចាម: ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៩ នៅភូមិព្រែកត្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ជាតិសាសន៍ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។ 
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ គ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចមិនសមល្មមនឹងការខាតបង់ របស់បងប្អូនក៏ពិតមែន តែវាក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែន ជាប្រធាន ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឲ្យរងគ្រោះថ្នាក់ដល់ស្លាប់ ដោយសារអត់បាយ តែមិនបានដឹងលឺនោះឡើយ ។
អំណោយមនុស្សធម៌របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ទាំង ៣៩គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ឃីតមួយកញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១០ម៉ឺនរៀលផងដែរ ៕




































