ប្តីប្រពន្ឋពីរនាក់បានស្លាប់ក្នុងករណីសង្រ្គាមគ្រោះថ្នាក់ចរាចរណ៍

0

កំពង់ធំ៖ បន្ទាប់ពីសង្រ្គាមតស៊ូដោយអាវុធ ត្រូវបានប្រមុខរាជរដ្ឋាភិបាល បានបញ្ចប់ដោយបរិបូរណ៍ តែសង្រ្គាមគ្រោះថ្នាក់ចរាចរណ៍ បានកំពុងតែផ្ទុះឡើងយ៉ាងសាហាវ ក្នុងសម័យបច្ចប្បន្ន ដែលបានធ្វើសកម្ម​ភាព ឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ នៅលើដងផ្លូវ ក្នុងពេលដែលបងប្អូនមានការធ្វេស ប្រហែស មច្ចុរាជឃាតករ ដ៏សាហាវនេះ បានធ្វើឲ្យមានមនុស្សជាច្រើន បាត់បង់ទ្រព្យសម្បត្តិ ខ្លះរបួសពិការ ខ្លះស្លាប់ ខ្លះធ្វើឲ្យជីវភាពគ្រួសារដុនដាប រួមទាំងបង្កើនភាពក្រីក្រទៀតផង ។ជាក់ស្តែងមច្ចុរាជឃាតកម្ម បានឆក់យកជិវិត២នាក់ប្តីប្រពន្ឋ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់ទាំង០២នាក់ទៀតផង រួមខូចខាតម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿងកាលវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺត្រូវបានរថយន្តបង្ករម៉ាកលីប័ររ៉ូ ពណ៌ស ផ្លាកលេខកំពង់ធំ2A.2831 បានបើកជែងគ្នាជាមួយរថយន្តមួយគ្រឿងទៀត ទើបបណ្តាលឲ្យរ៉េចង្កូត មកបុកជាមួយនិងម៉ូតូ ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1G.6258 ខណៈកំពុងតែបើកបរ ក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង បណ្តាលឲ្យបុក ម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ភ្លាមៗ ក្រោយពីកើតហេតុ អ្នកបើកបររថយន្ត ឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ ទើបមិនបណ្តាលឲ្យស្គាល់អត្តសញ្ញាណ។ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ហ៊ិក សៀងហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ បានឌុបប្រពន្ធឈ្មោះ ប៉ក់ ច្រឹប អាយុ២២ឆ្នាំ (មុខរបរកសិករ) បានស្លាប់នៅកន្លែងកើតហេតុទាំង២នាក់ប្តីប្រពន្ឋ រស់នៅភូមិរពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយសារមិនបានពាក់មួកសុវត្ថិភាព តាមការឲ្យដឹងពីសមត្ថកិច្ច មូលហេតុដែលបង្ករមានគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរថយន្តបានបើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបានជ្រុលចង្កូតទៅបុកម៉ូតូ ដែលកំពុងចរាចរណ៍ ក្នុងគន្លងផ្លូវផ្ទុយទិស ក្រោយពីកើតហេតុ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្លាប់បានលើកឡើងថា បច្ចុប្បន្នសង្រ្គាមបានចប់ហើយ ប្រទេសមានសន្តិភាព គឺពុំមានបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែ គ្រាប់កាំភ្លើងនោះទេ តែបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល កំពុងតែមានការព្រួយបារម្ភណ៍ ពីសង្រ្គាមគ្រោះថ្នាក់ចរាចរណ៍ ដែលវាមានភាពកាចសាហាវណាស់ ហើយបានឆក់យកជីវិតបងប្អូនប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់បាន សំណូមពរឲ្យមានការចួលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ កងកម្លាំង មន្រ្តីរាជការ សិស្សានុសិស្ស គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ដោយ ប៊ុន រដ្ឋា