ពិធីប្រកាសតែងតាំងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី

0

ខេត្តរតនគិរី÷ លោក ដួច ប៊ុនណា ត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តរតនគិរីជំនួស លោក ទន់ សុថារ័ត្ន ប្រធាន

មន្ទីរចាស់ដែលបានចូលនិវត្តន៍។ ពិធីនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរីក្រោមអធិបតីភាព លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក មួង ប៉ាង អភិបាលខេត្តស្តីទី ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត។

ដោយឡែក លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារក៏បានអញ្ជើញចូលរួមក្មុងពិធីនេះផងដែរ។

បន្ទាប់ពីលោក ទន់ សុថារ័ត្ន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តរតនគិរី ចាស់ធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងាររយៈពេលកន្លងមករួចមក លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ប្រកាសតែងតាំង និងប្រគល់ត្រាដល់លោក ដួច ប៊ុនណា ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ចាប់ពីពេលនេះតទៅ។

បន្ទាប់ពីលោក មួង ប៉ាង អភិបាលខេត្តស្តីទីមានប្រសាសន៍សំណេះសំណាល រួចមកលោក វង់ សណ្តាប់ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចជ្រើសរើសយកមក ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក <<កែទម្រង់ គឺរស់ បើមិនកែទម្រង់ គឺស្លាប់>> ក្នុងន័យនេះការងាកែទម្រង់ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំកម្ពុជា ឈានទៅសំរេចបានជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
លោកអនុរដ្ឋលេខាធិការបានផ្តាំផ្ញើរដល់ លោក ដួច ប៊ុន
ណា ដែលជាប្រធានមន្ទីរ ថ្មីត្រូវខិតខំអនុវត្ត តួនាទី ភារកិច្ចដែលអង្គភាពប្រគល់ជូនក្នុងការធ្វើឲ្យការងារហិរញ្ញវត្ថុ ខេត្តមានការរីកចម្រើន និងសហប្រតិបត្តិការល្អទន់ភ្លន់ ម៉ត់ចត់ ជាមួយគ្រប់មន្ទីរជំនាញ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើរ។

លោកបានបន្តទៀតថា ក្រៅពីនេះត្រូវខិតខំប្រឹងប្រែងបំពេញមុខនាទីរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារដឹកនាំ និងគ្រប់គ្រងអង្គភាព តាមគោលការណ៍ បុរេសកម្ម ការបំពេញកាងារជាក្រុម នានាឲ្យមានតម្លាភាពប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវប្រកបដោយវិជ្ជាជិវៈខ្ពស់៕ ដោយ យក្ខឡោម