ខេត្តរតនគិរី÷ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនជនរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ចំនួន៦០គ្រួសារក្នុងឃុំចំនួន៣ គឺឃុំតាឡាវ ៤៦គ្រួសារ ឃុំម៉ាលិក ១១គ្រួសារ និងឃុំញ៉ាង ៣គ្រួសារ នៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។
ដោយមានមតិសំណេះសំណាល លោក គិត ទ្រី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមគ្រួសារជនរងគ្រោះទាំងអស់ដោយក្តីនឹករឮកផងដែរ។ លោក ក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងនិងចូលរួមរំលែកនូវការលំបាកនិងបានលើកទឹកចិត្ត ដល់បងប្អូនជនរងគ្រោះ ត្រូវតែមានការតស៊ូក្នុងការរស់នៅបន្តទៅទៀត ព្រោះថាហេតុការណ៍អាក្រក់ ដែលបានកើតឡើងនាពេលកន្លងមកនោះ វាក៏បានកន្លងផុតទៅហើយ អ្វីដែលសំខាន់នេះគឺយើងនៅរស់រានមានជីវិត អ្វីដែលត្រូវគិតគូរបន្តនោះ គឺយើងត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមក្រុមគ្រួសារឡើងវិញទើបប្រសើរ។ ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជា យថាហេតុដែលអាចកើតមានឡើងនៅក្នុងរដូវ វស្សានេះ។
លោក គិត ទ្រី បានសង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បាននឹង កំពុងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរាល់ការលំបាក និងនាំយកនូវអំណោយជាស្បៀង អាហារ ថវិកា សម្ភារ:ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ទៅជួយឧបត្ថម្ភជាបន្ទាន់មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការដាច់ស្បៀងអាហារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការ
នយោបាយឡើយ ។ លោក គិត ទ្រី ក៏បានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ជាពិសេសត្រូវទប់ស្កាត់និងបង្រ្កាបការចរាចរណ៍គ្រឿងញៀនក្នុងមូលដ្ឋានឲ្យបានដាច់ខាត់។
សម្រាប់អំណោយដែលបានចែកជូនគឺក្នុង១គ្រួសារមាន៖ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ០១យួ ក្រម៉ា០១ សារ៉ុង០១ មុង០១ អាវយឺត០១កញ្ចប់ អង្ករ៣០គីឡូក្រាម និងថវិកាមួយចំនួនទៀតផងដែរ៕ ដោយ យក្ខឡោម





































