កំពង់ចាម: ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជំរុញ ដោយលើកឡើងថា នៅក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងប្រព័ន្ធយុត្តិធ គឺកំពុងមានការកកស្ទះសំណុំរឿង និងជាបញ្ហាចោទ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ហើយសំណុំរឿងខ្លះក៏បានអូសបន្លាយដល់ជាង១០ឆ្នាំ ហើយក៏មិនទាន់ដោះស្រាយចប់នៅឡើយ ជាពិសេសសំណុំរឿងព្រហ្មទណ្ឌ ដូច្នេះចៅក្រម ប្រធានសាលាដំបូងខេត្ត និងអ្នកពាក់ព័ន្ធមិនគួរទុកសំណុំរឿងចាស់ៗនោះទេ ត្រូវខិតខំដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម។
យោងតាមសេចក្តីប្រកាសព្រះរាជក្រឹត្យតែងតាំងគឺលោក សួស ឡា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ចាម ជំនួសលោក នៅ យ៉ារ័ត្នដោយត្រូវតែងតាំងជាប្រធានសាលាដំបូងខេត្តរតនៈគីរីវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ក៏បានលើកឡើងអំពីតួនាទីរបស់ចៅក្រមដោយក្នុងនោះ ចៅក្រមគឺជាអ្នកការពារសិទ្ធសេរីភាពផលប្រយោជន៍ស្របច្បាប់ អាយុជីវិតរូបរាងកាយ សេចក្តីថ្លៃថ្នូវរបស់មនុស្សជាតិ លើកស្ទួយជីវភាពរស់នៅតាមរយះការការពា រការអនុវត្តន៍រដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុទ្ធ ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើល្មើស និងបុគ្គលល្មើសច្បាប់តាមនីតិវិធីនៃច្បាប់ជាធរមាន។ ដូចនេះចៅក្រមត្រូវតែជាមនុស្សដែលមានសមត្ថិភាពជំនាញវិជ្ជាជីវៈច្បាស់លាស់ មានចំណេះដឹងជ្រៅជ្រះ ខាងច្បាប់សង្គមសាស្ត្រ មនុស្សសាស្ត្រ សង្គមចិត្តសាស្ត្រ និងប្រកាន់ឥរិយាបថម៉ឺងម៉ាត់ ម៉ត់ចត់ សុច្ចរិត ស្មោះត្រង់ ស្អាតស្អំ ហើយប្រកាន់នូវគោលការណ៍អព្យាក្រឹត្រ។
នៅក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ចាមនាពេលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងអំពីស្ថាប័នតុលារការគឺជាស្ថាប័នសម្រាប់ផ្តល់យុត្តិធម៌តាមរយះការវិនិច្ឆ័យយដោយផ្អែកទៅលើមូលដ្ឋានច្បាប់។ ហើយវិស័យច្បាប់ត្រូវបានកំណែទម្រង់ជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលចាត់ទុកជាវិស័យច្បាប់ ជាវិស័យអាទិភាពនៅក្នុងយុទ្ធសាស្ត្រតំណាក់កាលទី៣ និងទី៤ សំដៅលើកស្ទួយឯករាជ្យ និងអព្យាក្រឹត្រភាពនៃប្រព័ន្ធតុលាការក្នុងគោលបំណងលើកម្ពស់យុត្តិធម៌ក្នុងសង្គម កាត់បន្ថយអំពើពុករលួយ ឈានទៅលុបបំបាត់នូវនិទណ្ឌភាព ពង្រឹងវប្បធម៌សន្តិភាព បង្កើនវប្បធម៌ពង្រឹងច្បាប់ និងពង្រឹងនីតិរដ្ឋ ៕




































