ខេត្តរតនគិរី÷ បុរសពីរនាក់ត្រូវបាននគរបាលស្រុកកូនមុំចាប់វាយខ្នោះដៃមកខាងក្រោយ បន្ទាប់ពីពួកគេបានចូលលួចប្រព្រឹត្តបទល្មើស(ឆក់ត្រី)នៅក្នុងតំបន់អភិរក្សការពារមួយកន្លែង។
ការឃាត់ខ្លួនបុរសខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹក
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចព្រំប្រទល់អភិរក្សកោះសំពៅ ស្ថិតនៅក្នុងភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងច្រេសនិងកម្លាំងសហគមន៍នេសាទ បានឃាត់ខ្លួនបុរស២នាក់ ទី១.ឈ្មោះ ផេង ឡន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ។ ទី២.ឈ្មោះ កែវ ធិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិឡាវ ទាំងពីរនាក់មានទីលំនៅភូមិស្រែពកតូច ឃុំស្រែពក ស្រុកកូនមុំ ខេត្តរតនគីរី។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថតាំងរូមមាន÷ ទូកម៉ាសុីនចំនួន ២គ្រឿង ក្បាលឆក់ត្រីចំនួន ២ អាគុយ៧០ចំនួន ១ អាគុយ៥០ចំនួន ២ និងក្បាលឆក់ត្រី១ទៀតបានលិចបាត់ទៅក្នុងទឹកទន្លេ រកមិនឃេីញ។
បច្ចុប្បន្នបុរសទាំងពីរនាក់និងវត្ថុតាំងបទល្មើសត្រូវបានកម្លាំងអធិការនគរបាលស្រុកកូនមុំ បានប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយ យក្ខឡោម




































