អភិបាលខេត្តកំពង់ធំសំណូមពរឲ្យយើងទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនកុំគិតថាជារឿងបុគ្គល

0

កំពង់ធំ៖ បញ្ហាគ្រឿងញៀនកុំគិតថាជារឿងបុគ្គល ត្រូវចាត់ទុកថាកិច្ចការអទិភាពដែលយើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់បង្រ្កាបឲ្យបាន និងសំណូមពរឲ្យ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត ចៅក្រមខិតខំពង្រឹងនិតិវិធីអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព កងកម្លាំងក៏ត្រូវអនុវត្តឲ្យមានតម្លាភាពច្បាស់លាស់ ដើម្បីចៀសវាង គេថា អ្នកអត់លុយជាប់គុគ អ្នកណាមានលុយដោះលែង ប្រសាសន៍នេះ ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ ២០១៩ ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩។

ពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានធ្វើឡើងក្នុងបរិវេណវិទ្យាល័យកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ឋា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន រួមទាំងកងកម្លាំងទាំង៣ប្រភេទ មន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមសរុប២៣០៥នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសង្ខេបអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្នាំ២០១៨ និងឆមាសទី១ឆ្នាំ២០១៩ ក្នុងវិធានការអប់រំគោលដៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ ក្រុមហ៊ុន រោងចក្រ សាលារៀន និងផ្សព្វផ្សាយបញ្ជៀបតាមរយ:ឃុំ -សង្កាត់ មានសុវត្ថិភាព បានចំនួន ២.២៥៧ លើក មានការចូលរួមចំនួន ២៣៩.២៨៤ នាក់ ស្រី ៧១.១៤៧ នាក់ បញ្ចូនអ្នកញៀនគ្រឿងញៀនទៅបណ្ឌលស្ដានិតិសម្បទាខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្នុងឆ្នាំ២០១៨បានចំនួន ៦៥ នាក់ ស្រី ០១នាក់ និងឆមាសទី០១ឆ្នាំ២០១៩ បានចំនួន ១៤៨ នាក់ស្រី ០៣នាក់ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានធ្វើការផ្តាំ ផ្ញើរបងប្អូនទាំងអស់ ត្រូវរាយការជូនដល់សមត្ថកិច្ច រាល់សកម្មភាពសេព ជួញដូរ និងចែកចាយគ្រឿងញៀន ដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់អ្នកសេពត្រូវនាំគាត់ទៅបន្សាបនៅតាមមណ្ឌលផ្សេងៗ តែសម្រាប់អ្នកជួញដូរត្រូវចាត់វិធានការតាមច្បាប់ មិនថាព្រះសង្ឃ ឬកងកម្លាំង ប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តម សុខ លូ បានសំណូមពរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវបើកបរលើដងផ្លូវ មានការធ្វេសប្រហែសនោះទេ ចំណែកអ្នកបើកបរត្រូវរៀបចំយានយន្តឲ្យត្រូវតាមបច្ចេកទេស ឲ្យមានភ្លើងបំភ្លឺផ្លូវ ភ្លើងស្តប់ត្រឹមត្រូវ ដើម្បីបញ្ជ្រាសអាត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
តំណាងសិស្សនៃវិទ្យាល័យកំពង់ធំ បានប្តេជ្ញាចិត្ត ខិតខំស្រាវជ្រាវនិងស្វែងយល់ពីគ្រោះថ្នាក់នៃគ្រឿងញៀន រស់នៅដោយគ្មានគ្រឿងញៀន ណែនាំអប់រំមិត្តភ័ក្ក សាច់ញាតិឲ្យយល់ពីផលប៉ះពាល់នៃគ្រឿងញៀន មិនត្រូវនាំគ្រឿងញៀនចូលផ្ទះ និងមិនត្រូវឲ្យគ្រឿងញៀនត្រួតត្រាជីវិត និងសហគមន៍របស់នាងខ្ញុំជាដាច់ខាត និងសូមផ្តាំផ្ញើរឲ្យមិត្តភ័ក្កទាំងអស់ស្តាប់គ្រូ និងលោកពុកអ្នកម្តាយ ក្នុងនាមជាយុវវ័យត្រូវចងចាំ កុំឲ្យគ្រឿងញៀនមកបំផ្លាញអានាគត់ បំផ្លាញក្រុមគ្រួសារ បំផ្លាញ់ជាតិ បំផ្លាញសង្គម និងសុខភាព ។ ដោយ ប៊ុន រដ្ឋា