កំពង់ធំ៖ រថយន្តដឹកឈើ១គ្រឿង និងគោយន្តកន្ត្រៃដឹកឈើមូល ត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ សហការជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍ និងមន្ត្រីអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បង្រ្កាបឃាត់ចាប់រួមទាំងវត្ថុតាងបទល្មើសព្រៃឈើ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដោយគ្មានច្បាប់អនុញ្ញាតិ កាលវេលាម៉ោង10 និង30នាទី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩។
តាមការឲ្យដឹងពីមន្រ្តីពីសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ បានឲ្យដឹងថា កម្លាំងចម្រុះបានធ្វើការឃាត់បាន រថយន្តមួយគ្រឿង ម៉ាកSUMYONG ពណ៌លឿងចំនួន មានឈើអារប្រភេទលេខ3 សរុបចំនួន៣០០សន្លឹក ស្មើ1ម3 440 ឃាត់ចាប់នៅចំណុចលើផ្លូវជាតិលេខ6 ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ចំណែកគោយន្តកន្ត្រៃម៉ាកKUBOTA មានឈើចម្រុះចំនួន១០ដើម និងឈើប្រវែង២ម ចំនួន៨ដើម សរុប១៨ ដើម ឃាត់ចាប់នៅចំណុចលើផ្លូវជាតិលេខ6 ភូមិត្រពាំងស្នាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។
ចំណែក នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចចម្រុះ បានឃាត់ចាប់គោយន្តកន្ត្រៃ ម៉ាកKUBOTA ១គ្រឿងទៀត បានដឹកឈើនឈើប្រភេទលេខ2 ប្រវែង៤ម សរុបចំនួន៩ដើមឃាត់ចាប់នៅលើផ្លូវជាតិលេខ6 ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វត្ថុតាងទាំងអស់ថែរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រងចាំ ឲ្យភាគីម្ចាស់ចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់។ដោយ ប៊ុន រដ្ឋា





































