ខេត្តព្រះវិហារ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តព្រះវិហារ រួមសាមគ្គីភាពគ្នាឲ្យបានរឹងមាំ ដើម្បីសម្រេចបានគោលដៅការងារ ប្រកបដោយប្រសិទ្ធភាព ជូនរាជរដ្ឋាភិបាល។
ប្រសាសន៍ស្នើ របស់សម្តេចក្រឡាហោម បានធ្វើឡើងនៅក្នុងគ្រាដែលសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារថ្មី គឺឯកឧត្តមប្រាក់ សុវណ្ណ អឌិតអភិបាលរងខេត្តស្វាយរៀង ចូលមកកាន់តំណែងជំនួសឯកឧត្តម អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ ដែលត្រូវប្រកាស់ចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមិថុនា ស្អែកនេះ។ រីឯឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម នឹងត្រូវផ្លាស់មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ នាពេលខាងមុខនេះ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពសាម៉ី កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបជាង១ពាន់នាក់។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ កោតសសើរពីភាពរីកចម្រើនរបស់ខេត្តព្រះវិហារ កាលពីក្នុងអាណត្តិគ្រប់គ្រងរបស់អភិបាលខេត្តចាស់ឯកឧត្តម អ៊ុន ចាន់ដា និងបានណែនាំដល់ថ្នាក់ដឹកនាំខេត្តថ្មី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពង្រឹងលើយន្តការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរស់នៅ ត្រូវរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម តាមរយះការការពារនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។
សម្តេចក្រឡា ហោមបានមានប្រសាសន៍ ដាស់តឿនដល់អភិបាលខេត្តព្រះវិហារថ្មី ក៏ដូចមន្ត្រីរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងកងទ័ពក្នុងខេត្ត ត្រូវសហការគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន និងការចែកចាយ ការប្រើប្រាស់ និង
ការជួញដូរគ្រឿងញៀនក្នុងរង្វង់ដែនដីខេត្ត ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ មានដូចជាបទល្មើសព្រៃឈើ បទល្មើសគ្រឿងញៀន ការរត់ពន្ធមនុស្ស និងបទល្មើសនានាជាច្រើនទៀត ត្រូវបន្តពង្រឹងយន្តការ ការពារធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ ឲ្យបានខ្លាំងក្លាបំផុត ហើយក៏ត្រូវបន្តជម្រុញ កម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ នៃគោលនយោបាយចតុកោណដំណាក់កាលទី៤ នៅក្នុងអាណត្តិទី៦នេះ ឲ្យបានរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត ផងដែរ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ស្នើឲ្យក្រុមប្រឹក្សាខេត្តព្រះវិហារ គណៈអភិបាលខេត្ត រួមនឹងមន្ត្រីរាជការក្រោមឧិវាទ ត្រូវមានសាមគ្គីភាព សហការល្អ ក្នុងគោលដៅលើកកំពស់ប្រសិទ្ធភាពការងារ នៅក្នុងរដ្ឋបាលខេត្តព្រះវិហារ ក្នុងន័យសំដៅពង្រឹងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឲ្យបានកាន់តែល្អប្រសើបន្ថែមទៀត។
អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ឯកឧត្តមបានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ សែន ក៏ដូចជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់ទំនុកចិត្ត ហើយបានតែងតាំងមុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដល់រូបលោក ក្នុងការដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គមជាតិ ឲ្យរីចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ដើម្បីឆ្លើយតបនឹងសេចក្តីទុកចិត្ត របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់
សុវណ្ណ បានប្តេជ្ញាចិត្តថា នឹងគោរពឲ្យបានខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តតាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ ដោយតម្កល់ នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមតួនាទី ភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីរួមចំណែកអនុវត្ត កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកឧត្តមបន្តប្តេជ្ញាចិត្តទៀតថា នឹងពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង
សហការឲ្យបានជិតស្និទ្ធ និងល្អប្រសើរ ក្នុងជួរគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ភាពសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារទាំងមូល៕សួនលីណា




































