ភ្នំពេញ៖ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន ០២នាក់រួមមាន
១-ឈ្មោះ ទូច សារុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
២-ឈ្មោះ ង៉ែត សុភក្ត្រ័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈដកហូតរួមមាន ម្សៅក្រាមសថ្លា០២កូនថង់តូច ។
ប្រភពពីសមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




































