រដ្ឋបាលខេត្តរតនគិរីប្រារព្ធយុទ្ធនាការផ្សព្វផ្សាយស្តីពីសិទ្ធិកុមារ

0

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរីដែលមាន មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាខេត្ត ជាសេនាធិការបាន សហការណ៍គ្នា​ជាមួយអង្គការ អេស​.​អូរ​.​អេសនិង​អង្គការ ហ្វ​រ.​រ៉ា​ម.ស៊ី​បរៀបចំ​ឲ្យមាន​យុទ្ធនាការការផ្សព្វផ្សាយស្ដី​ពីសិទ្ធិកុមារ។

យុទ្ធនាការខាងលើនេះ ប្រារព្ធធ្វើឡើងនៅសាល​មហោស្រពសម្ដេច​តេជោ ហ៊ុន សែនឋិតនៅក្នុងបរិវេណមន្ទីរវប្បធមម៌និងវិចិត្រសិល្បៈក្រោមអធិបតីភាពលោក ថង សាវុនអភិបាលខេត្ត​រតនគិរី ព្រមទាំង​មាន​ការចូលរួម​ជា​ភ្ញៀវកិត្តិយស ពី​សំណាក់ លោក​មេ​បញ្ជាការ មេ​បញ្ជា​រង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទី​រជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង,ស្រុក យុវជនជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធព្រមទាំង​សិស្សានុសិស្ស មកពី​បណ្ដា​សាលា​ក្នុង​ខេត្ត​រតនគិរី យ៉ាងច្រើន​កុះករ​ផងដែរ​។​

មានប្រសាសន៍ សំណេះសំណាលនាឱកាសនេះ លោក ថង សាវុន បានចាត់ទុកយុទ្ធនាការផ្សព្វផ្សាយស្តីពីសិទ្ធិកុមារដែលបានប្រារព្ធធ្វើឡើងនាពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់ក្មួយៗសិស្សានុសិស្សបានយល់កាន់តែច្បាស់អំពីសិទ្ធិរបស់ខ្លួន។ លោកបន្តថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងបានផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើបេស្សាកម្មកុមារនិងរូបភាពអាសអាភាសកុមារនិងស្តីពីការចូលរួមរបស់កុមារនៅក្នុងជន្លោះប្រដាប់អាវុធនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់បញ្ជូលគោលការណ៍នៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅក្នុងច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងកុមារជាពិសេសបានបញ្ជូលទៅក្នុងមាត្រា៤៨នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជណាចក្រកម្ពុជាដែលបានកំណត់ថា(រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលបាននូវការអប់រំរៀនសូត្រ សិទ្ធិទទួលបាននូវការគាំពារក្នុងស្ថានភាពមានសង្រ្គាមនិងការការពារប្រឆាំងនិងអាជីវកម្មសេដ្ឋកិច្ច ឫកាមគុណលើកុមារ។

លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិដើម្បីកុមារ កម្ពុជាបានបង្ហាញនូវឆន្ទៈ និងការអនុវត្តអនុញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិយ៉ាងសកម្ម។
ដោយតាមរយៈការចូលរួមពីក្រសួងស្ថាប័ន អង្គការសង្គមសុីវិល វិស័យឯកជន គ្រួសារក្នុងសហគមន៍ រួមនឹងអ្នកពាក់ព័ន្ធក្នុងការអនុវត្តនូវកម្មវិធីកាងារផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្តជាតិគាំពារសង្គមផងដែរ។

គួរបញ្ជាក់ថា បើតាមការលើកឡើងពីលោក វ៉ា វ​ល័ក្ខណ៍ ប្រធាន​ភូមិ​កុមារ អេស អូរ អេស ខេត្ត​រតនគិរី បានឲ្យដឹងថាអង្គការភូមិកុមារ អេស អូរ អេស អន្តរជាតិ បាន​បង្កើតឡើង​ដោយ​លោក បណ្ឌិត ហ័​រមាណ ម៉ៃន័រ នៅ​ឆ្នាំ​១៩៤៩ ហើយ​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អូទ្រីស​។ បច្ចុប្បន្ន​អង្គការ​នេះ បានធ្វើ​សកម្មភាព​នៅ​ប្រទេស​ចំនួន ១៣៥ នៅលើ​សកលលោក​។ លោក​ប្រធាន​ភូមិ​កុមារអេស អូរ អេស ខេត្ត​រតនគិរី បាន​បន្តទៀតថា លោក ហីល​មុត គូ​ទីន បាន​ធ្វើ​ជា​ប្រធាន​អង្គការ អេស អូរ អេស អន្តរជាតិ​ចាប់ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០១២​។
ប្រធានភូមិកុមារ អេស អូ អេស រូបនេះបន្តថា ក្រោម​ការដឹកនាំ​របស់​លោក ហី​លមុត គូ​ទីន អង្គការ​នេះ បាន​បន្ត​និរន្តភាព របស់​ខ្លួន​បង្កើត​បាន​សមិទ្ធិផល​ជាច្រើន​ពាស់ពេញ​ពិភពលោក សម្រាប់​សុខុមាលភាព​កុមារ​។ ទន្ទឹមនឹងនេះ​ដែរ អង្គការ អេស អូរ អេស អន្តរជាតិ ជា​អង្គការ​ដែល​មើលថែទាំ​កុមារកំព្រា កុមារ​បាត់​បង់ការ​ថែ​រទាំ​ពី​ឪពុកម្ដាយ ដោយ​ជម្រុញ និង​លើក​កំពស់​សិទ្ធ​កុមារ​គ្រប់រូប ឲ្យ​ធំ​លូតលាស់ ដោយ​មាន​សេចក្ដីស្រលាញ់ គោរព និង​មាន​សុ​វត្ថិភាព ជា​ពិសេស​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ដែល​បាននិងកំពុងសហការណ៍​ជាមួយ ក្រសួង​សង្គមកិច្ច អតីតៈយុទ្ធជន និង​យុវនីតិសម្បទា តាំងពី​ឆ្នាំ​១៩៩៩​មក​ម្លេះ ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន ។​
យុទ្ធនាការ​ផ្សព្វផ្សាយ​ស្ដីពី​សិទ្ធ​កុមារ​នា​ថ្ងៃនេះ​ដែរ បន្ទាប់ពី​ធ្វើ​កម្មវិធី​នៅ​សាល​មហោស្រព​រួចមក អង្គ​ពិធី​នេះ បាន​ដង្ហែរ​ក្បួន​ផ្សព្វផ្សាយ ក្នុង​ក្រុង​បាន​លុង និង​ដង្ហែរ​ព័ទ្ធជុំវិញ​ផ្សារ​ក្រុង​បាន​លុង ខេត្តរតនគិរី​ផងដែរ​៕ ដោយ យក្ខឡោម