ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​ ៣៣​ អដ្ឋិធាតុធ្វើមាតុភូមិនិវត្តន៍ប្រទេសកំណើតវិញ​

0

​កំពង់ធំ: ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានប្រគល់អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ក្នុងទឹកដីខេត្តកំពង់ធំ ក្នុងបុព្វហេតុជួយវាយរំដោះប្រជាពលរដ្ឋ ខ្មែរ ចេញពីបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត និងត្រូវបានកងកម្លាំង ជីករុករកអដ្ឋិធាតុ k70 និង​K72 ជីករុករកឃើញ និងបានបញ្ជូនអដិ្ឋធាតុចំនួន ៣៣ មាតុភូមិនិវត្តន៍ប្រទេសកំណើតវិញ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩។

ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានប្រារព្វឡើង នៅក្នុងបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និងមានការអញ្ជើញជា​អធិបតីភាព​ ឯកឧត្ដម ​សុខ​ ហៃ​ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិការជីករុករកអដិ្ឋធាតុ  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងកំពង់ធំ និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ប៊ិញ អនុប្រធានគណបញ្ជាការយោធាខេត្តប៊ិញភឿក រួមទាំងមេបញ្ជាការរង នាយទាហាន លោកតា លោកយា សិស្សានុសិស្ស ចូលរួមជាង៥០០នាក់ ។

លោកវរសេនីយ៍ឯក ង្វៀន ថាញ់ប៊ិញ បានថ្លែងអំណរគុណដល់ អាជ្ញាធរខេត្តកំពង់ធំ និងប្រជាពលរដ្ឋ ជាពិសេស មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹងកំពង់ធំ ដែលបានជួយសហការ សម្រួលដល់ការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលី នៅក្នុងភូមិសាស្រ្តនានាក្នុងខេត្តកំពង់ធំ ធ្វើឲ្យកងកម្លាំងជីករុករកអដ្ឋិធាតុ k70 និង​K72 អាចសម្រេចបានដោយជោគជ័យ និងបាននាំយកអដ្ឋិធាតុ ត្រឡប់ទៅប្រទេសកំណើត ដើម្បីប្រគល់ជូនសាច់ញាតិបងប្អូន ទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ ក្នុងរយះពេលចន្លោះឆ្នាំ ២០១៨-២០១៩ កម្លាំងបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ បាន​សហការ​ជាមួយ​ក្រុម​បច្ចេកទេស​ជីករុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម កម្លាំង​ k70 និង​K72 ជីកបានចំនួន៣៣អដ្ឋិធាតុ​បន្ថែម​ទៀត   និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ  និងសូមបញ្ជាក់​ងដដែរថា ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ២០១៩ កម្លាំងក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមបានរកឃើញអដ្ឋិធាតុក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចំនួន១,១០៧​ មកហើយ ។

ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរចំពោះ កិច្ចសហការល្អ និងការទំនាក់ទំនងល្អ រវាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹងកំពង់ធំ និងកម្លាំង​ k70 និង​K72  ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម  ដែលជាការខិតខំប្រឹងប្រែង ទាំងរដូវប្រាំង និងរដូវវស្សា និងអាចរកអដ្ឋិថាតុបានជាង១ពាន់អដ្ឋិធាតុ ក្នុងនោះឯកឧត្តម សុក ហៃ បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពុំអាចបំភ្លេចបាននូវគុណដ៏ធំធេងមកលើបងប្អូនប្រជាជន​ខ្មែរ រួមទាំងបានលះបង់អាយុជីវិតជួយវាយរំដោះប្រជាជនខ្មែរ ក្នុងនាមអាជ្ញាធរខេត្តក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រ ក្នុងការជីករុកអដិ្ឋធាតុបន្ថែមទៀត ដែលជាការតបស្នងសងគុណដល់កងទ័ពប្រជាជនវៀតណាម ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នាំសុខសន្តិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។

ដោយ  ប៊ុន រដ្ឋា