ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៨មិថុនា២០១៩នេះ ពិធីសូត្រមន្តដែលមានព្រះសង្ឃចំនួន២៨អង្គត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណនក្ខន្ធ័សពកម្មករទាំង២៨នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារនៅក្រុងព្រះសីហនុ កាលពីរាត្រីទាបភ្លឺថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ ក្នុងនាមថ្នាក់ដឹកនាំ បានសំដែងការសោកស្តាយ សោកសៅក្រៃលែងចំពោះហេតុការណ៍ដ៏រន្ធត់មួយនេះព្រមទាំងបានបួងសួងព្រលឹងសពទាំង២៨នាក់នេះមកទទួលកុសលផលបុណ្យនិងបានទៅកើតនៅសុគតិភពគ្រប់គ្នានិងជូនពរអ្នកដែលរងរបួសចំនួ២៦នាក់ផងដែរអោយឆាប់ជាសះស្បើយ។
លោក យន្ត មីន ក៏បានសុំការអភ័យទោសពីពលរដ្ឋនៅខេត្តព្រះសីហនុ ចំពោះការខ្វះខាតណាមួយក្នុងរដ្ឋបាលរបស់លោករយៈពេលជិត៤ឆ្នាំមកនេះ។គួររំលឹកថានៅថ្ងៃរាត្រីទាបភ្លឺថ្ងៃទី២២ខែមិថុនា២០១៩ អាគារគ្រោងដែកកំពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ត្រូវបានបាក់រំលំ បានបណ្តាលអោយកម្មករខ្មែរចំនួន២៦នាក់របួស និង២៨នាក់ទៀតបានស្លាប់ក្នុងគំនរអគារបាក់បែក។
បច្ចុប្បន្នអ្នកជាប់ពាក់ពន្ធ័មួយចំនួនកំពុងចាត់ការតាមផ្លូវច្បាប់ ចំណែកមូលហេតុនៃការបាក់រលំកំពុងត្រូវបានស៊ើបអង្គេតដោយក្រុមជំនាញ។
ក្រោយកើតហេតុការណ៍ដ៏គួរអោយសោកស្តាយនេះកំលាំងជួយសង្គ្រោះជាង១០០០នាក់មកពីអង្គភាពនានា បានមកជួយរុករកមនុស្សដែលជាប់គាំងក្នុងគំនរអគារបាក់បែកនេះ ដោយមានវត្តមានថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើននាក់ចុះសួរសុខទុក្ខដោយផ្ទាល់ផងដែរ។ពិសេសជាងនេះវត្តមានសម្តេចតេជោហ៊ុនសែន បានអញ្ជើញចុះដល់ទីតាំងបាក់រលំអគារនេះដោយផ្ទាល់រហូតដល់ការរុករកបានបញ្ចប់សព្វគ្រប់នៅម៉ោង៧,៣០នាទីយប់ថ្ងៃទី២៤ខែមិថុនា២០១៩។





































