ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តនិងជាប្រធានក្រុមការងារពិសេសនិងលេខាធិការដ្ឋានលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកំពង់ឆ្នាំងបានប្រសាសន៍ថាៈដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់បានអង្គភាពពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយអប់រំផ្សព្វផ្សាយនិងជូនដំណឹងដល់ប្រជាពលរដ្ឋនិងអ្នកសង្ស័យថាមានជំងឺគ្រុនចាញ់ត្រូវអោយមកព្យាបាលនៅមូលដ្ឋានសុខាភិបាលអោយបានទាន់ពេលវេលានិងឈានទៅលប់បំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅឆ្នាំ២០២៥។
ឯកឧត្តមបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំក្រុមការងារពិសេសនិងលេខាធិការដ្ឋានសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំឆមាសទី១ ឆ្នាំ២០១៩និងលើកទិសដៅបន្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិតប្រាក់ វុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារពិសេសលប់បំបាត់ជំងឺគ្រុនចាញ់ខេត្តចូលរួមផងដែរ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារនិងអាជ្ញាធរដែនដីត្រូវសហការគ្នាជាពិសេសសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្តតាមផែនការសកម្មភាពប្រកបដោយគុណភាពអោយទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពឈានទៅលប់បំបាត់បានទាំងស្រុងនូវជំងឺគ្រុនចាញ់អោយអស់នៅឆ្នាំ២០២៥ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។




































