អនុវិស័យរដ្ឋបាលដីធ្លីប្រកាសជាសាធារណៈការវិនិច្ឆ័យបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១៥៧២ ក្បាលដី ស្រុករលាប្អៀរ

0

ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃសុក្រ ១១ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធី ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានក្បាលដីសរុប១៥៧២ ក្បាលដី ក្រោមអធិបតីភាពលោក ង៉ែត សុវុធ្ធា អនុប្រធានមន្ទីរ តំណាងលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត,លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ។

ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ,គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ,ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ(ក្រុម២),អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋចូលរួម សរុបប្រមាណ ២០០នាក់ (ស្រី១២២នាក់)។ ក្នុងឱកាសនេះ លោក ង៉ែត សុវុធ្ធា បានមានប្រសាសន៍ថា៖ ការបិទផ្សាយនេះ មានរយៈពេល ១៥ ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហេតុនេះ សូមប្រជាពលរដ្ឋម្ចាស់ដី និងអ្នកពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ចូលរួមពិនិត្យផ្ទៀតផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះ មុននឹងគណៈកម្មការរដ្ឋបាលសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ) ជូនម្ចាស់ក្បាលដី ៕