ខេត្តរតនគិរី÷ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ខណ:ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ តាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរទទឹង នៅទល់មុខផ្ទះឈ្មោះ សឹុម សុខុន ចន្លោះបង្គោលលេខ២៨៥ – ២៨៦ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមសាក្សីដែលឃើញហេតុការបាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តតាកូម៉ា១គ្រឿងបើកបរពីត្បូងទៅជើងដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបត់មកឆ្វេងឆ្លងផ្លូវជាតិ ខណៈពេលនោះដែរ ម៉ូតូជនរងគ្រោះក៏បានមកដល់ហើយបានបើកប៉ះនិងក្បាលរថយន្តផ្នែកខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះផ្លោងខ្ទាត់ទៅចិញ្ចើមផ្លូវម្ខាង។
ប្រភពបានបន្តថា បន្ទាប់ពីរថយន្តបានប៉ះនិងម៉ូតូបណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ហើយឆ្អល់និងដើមទ្រូងយ៉ាងខ្លាំង ឃើញដូច្នេះអ្នកបើកបររថយន្តក៏បានដឹកជនរងគ្រោះបញ្ជូនតាមរថយន្តរបស់ខ្លួនយកទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ប៉ុន្តែជាអកុសលជនរងគ្រោះទៅដល់មន្ទីរពេទ្យបានកន្លះម៉ោងក៏បានដាច់ខ្យល់ស្លាប់តែម្តង។
នាយប៉ុស្តិ៍ឃុំល្បាំង១លោក ពៀន រតនះ បានឲ្យដឹងថា
រថយន្ត១គ្រឿងម៉ាក តាកូម៉ា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2l-3353 បើកបរដោយឈ្មោះ យី បានភ័ន្ត ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរអាជីវកម្ម(ធ្វើផ្លូវ)ក្រោយពីបានដឹកជនរងគ្រោះដល់មន្ទីរពេទ្យបង្អែកខេត្តហើយបានបើករថយន្តចតនៅមុខផ្ទះរួចគេចខ្លួនបាត់។រីឯជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2012 ពាក់ស្លាកលេខ តាកែវ 1H-6786 បើកបរដោយឈ្មោះ ហ៊ូ រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បើកបរក្នុងទិសដៅពីជើងទៅត្បូង។
នាយប៉ុស្តិ៍ឃុំល្បាំង១បានបន្តថា មូលហេតុបណ្តាលមកពីរថយន្តបើកបរបត់ឆ្វេងដើម្បីឆ្លងផ្លូវ ចូលទៅផ្ទះឈ្មោះសឹុម សុខុន មិនបានជួបសួរនាំផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៅ។ ដោយសារការបើកបរមានការឆ្វេសប្រហែសទើបបណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។នាយប៉ុស្តិ៍ល្បាំង១បានបញ្ជាក់ទៀតថា ក្រោយពីរថយន្តខាងលើបានបើកដឹកជនរងគ្រោះទៅមន្ទីរពេទ្យបន្ទាប់មកបានបើកយកទៅទុកនៅផ្ទះរបស់ខ្លួន ពេលនោះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត បានចុះទៅធ្វើការរឹបអូសយករថយន្តខាងលើនេះមករក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី។
នាយរងការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តលោក ឈិន ថេន បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨មិថុនានេះ ថា អ្នកបើកបររថយន្តខាងលើបណ្តាលឲ្យមានមនុស្សស្លាប់នោះ លោកកំពុងឲ្យកូនចៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ។ ប៉ុន្តែអ្នកបើកបររថយន្តបង្កធ្វើឲ្យមានមនុស្សស្លាប់នេះ ត្រូវមានសំណងទៅលើជនរងគ្រោះ៣ទៅ៤ពាន់ដុល្លា(អាមេរិក)។ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ល្បាំង១បានចុះមកអន្តរាគមន៍បានធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយបានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំសាច់ញាតិមកទទួលយកទៅវិញ។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ យក្ខឡោម




































