ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះពលរដ្ឋចូលលួចគ្រឿងសង្ហារឹម ត្រូវប៉ូលិសឃាត់ខ្លួន

0

ខេត្តរតនគិរី÷ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម(គាស់ផ្ទះចូលលួចគ្រឿងសង្ហារឹម)របស់ប្រជាពលរដ្ឋមួយកន្លែង។

ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១២និង១៥នាទី ថ្ងែទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឋិតនៅកណ្តាលក្រុងបានលុង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងអធិការនគរបាលក្រុងបានលុងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក ហើយកម្លាំងធ្វើការចុះស្រាវជ្រាវនិងឈានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ខាងលើជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅត្រង់ចំណុចភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចនគរបាលបានបន្តថា ជនសង្ស័យ៣នាក់រួមមាន: ទី១-ឈ្មោះ នី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ លទ្ធផលធ្វើតេស្តទឹកនោមរបស់ការិយាល័យគ្រឿងញៀនមានសារធាតុញៀនវិជ្ជមាន(+)។

ទី២-ឈ្មោះ សៀន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ អូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ រត់ម៉ូតូឌុប មិនមានសារធាតុញៀនអវិជ្ជមាន(-)។

ទី៣-ឈ្មោះ ង្វៀង វិនហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ មិនមានសារធាតុញៀនអវិជ្ជមាន(-)។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងសង្ហារឹមបានជាច្រើនផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ ដោយ យក្ខឡោម