លោក ហៃ សុវើយ និងអ្នកស្រី អិុត សុផានី ប្រកាសរកកូនស្រីពីរនាក់ ដែលបានបាត់ពីផ្ទះ ដោយមិនដឹងទៅទីកន្លែងណា!

0

ព្រះវិហារ: កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្មេងស្រីពីរនាក់បងប្អូន បានចេញបាត់ពីផ្ទះ ដោយមិនដឹងថាទៅទីកន្លែងណានោះទេ រហូតមកដល់ពេលនេះឳពុកម្តាយបានដើររកហើយនៅតែរកមិនទាន់ឃើញ នេះបើយោងតាមការឲ្យដឹងពីលោក ហេង ប៊ុនទ្រី មេភូមិត្រពាំងសង្កែខាងលិច នៅមុននេះបន្តិច។

លោក ហេង ប៊ុនទ្រី បានឲ្យដឹងថា ក្មេងស្រីដែលបាត់ខ្លួនពីផ្ទះនោះទី១ឈ្មោះ សុខ វណ្ណារិម ភេទស្រី អាយុ១៥ឆ្នាំ (សិស្ស) និងទី២ឈ្មោះ ហូរ សុវិច្ចិការ ភេទស្រី អាយុ១៤ឆ្នាំ (សិស្ស) ក្មេងស្រីទាំងពីរ រស់នៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកមេភូមិបន្តថា ក្មេងស្រីទាំងពីរនាក់បានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព្រមជាមួយម៉ូតូ១គ្រឿង ម៉ាកវេវអេស ពណ៌ខ្មៅ តែមប្រផេះ គ្មានស្លាកលេខ និងទូរស័ព្ទ១គ្រឿងលេខ0979383556។ លោកបន្ថែមថា រហូតមកដល់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឳពុក អ្នកម្តាយក្មេងស្រីទាំងពីរ បានដើរស្វែងរកអស់រយៈពេល៦ថ្ងៃហើយ ហើយនៅតែមិនឃើញ។

ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ដោយមិនដឹងថាកូនស្រីទាំងពីររបស់គាត់កើតអ្វី? ហើយទៅទីកន្លែងណា? អាស្រ័យហេតុដូច្នេះ ខ្ញុំបាទ ក៏ដូចជាក្រុមគ្រួសារក្មួយស្រី មានតែពឹងបងប្អូន ពូ មីងទាំងអស់ បានឃើញក្មេងស្រីទាំងពីរនាក់នេះត្រង់កន្លែងណា មេត្តាជួយឃាត់ខ្លួនទុកដោយក្តីអនុគ្រោះ។ ហើយទាក់ទងលេខទូរស័ព្ទ0718966665/0973436281៕សួនលីណា