ព្រះវិហារ: ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានថ្លែង ដោយលើកឡើងថា ការរៀន គឺរៀនដើម្បីចេះហើយយកចំណេះទៅធ្វើការ មិនមែនរៀន
ដើម្បីចប់ ឲ្យតែគ្រប់បីវគ្គដើម្បីបិទនោះទេ។ ចំពោះសិក្ខាកាមទាំងអស់ នៅក្នុងម៉ោងសិក្សា ក៏មិនត្រូវមានការអនុញ្ញាតច្បាប់ឈប់សម្រាកនោះដែរ លើកលែងតែមានករណើចាំបាច់ពិសេស។
ប្រសាសន៍ថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ លើកឡើងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទិសទី១ យោធភូមិភាគទី៤ ពិធីនេះបានរៀបចំឡើងនៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងការិយាល័យជំនាញ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចចំណុះទាំងបីផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន មានប្រសាសន៍បញ្ជាក់ថា ចំពោះការហ្វឹកហ្វឺនជំនាញ គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការបំប៉បសមត្ថភាពយល់ដឹងយោធិន ក្នុងការលើកកម្ពស់ដល់ធនធានមនុស្ស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ។ ដើម្បីសំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈ ទៅដល់យោធិន នូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ ក្នុងស្មារតីឯកភាព។ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីពិតប្រាកដនោះ យោធិនទាំងអស់គឺត្រូវតែទទួលបានការអបរំ ហ្វឹកហាត់ លត់ដំ ទាំងសិល្បធម៌ និងគុណធម៌ក្នុងការបំពេញភារកិច្ច ដែលប្រកបដោយប្រសិទ្ធភាពជូនជាតិមាតុភូមិ តទៅថ្ងៃអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើដល់ថ្នាក់ដឹកនាំវគ្គ (ក្រុមគ្រូ) ព្រមទាំងសិក្ខាកាមទាំងអស់ ត្រូវមានការឯកភាពគ្នាទាំងស្មារតី និងឆន្ទះ ចំពោះសិក្ខាកាមត្រូវខិតខំប្រមូលប្តុំ នូវបញ្ញាញាណ ដើម្បីត្រង់ត្រាប់នូវខ្លឹមក្សាមេរៀនដែលបានបង្ហាណ យកចិត្តទុកដាក់គោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលា ទាំងកម្មវិធីសិក្សា កម្មវិធីការងារ ដោយអនុវត្តន៍ចលនាប្រលងប្រណាំងនៅក្នុងវគ្គ ឲ្យបានត្រឹមត្រូវ ទាំងកម្មវិធីសិក្សាប្រចាំថ្ងៃ ប្រចាំវគ្គ មិនត្រូវយកម៉ោងសិក្សាធ្វើការងារផ្សេង ដែលមិនមែនជាភារកិច្ចសិក្សាប្រចាំថ្ងៃ។ ហើយសិក្ខាកាមមិនត្រូវបានការអនុញ្ញាតច្បាប់ ឈប់សម្រាកនោះឡើយនៅក្នុងម៉ោងសិក្សា លើកលែងតែមានករណីចាំបាច់ពិសេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺននេះគឺមានរយៈពេលបីខែ រួមមានៈ ជំនាញភស្តុភារ យន្តយុទ្ធថ្នាក់វរសេនាតូចកងអនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តប្រចាំឆ្នាំ២០១៩ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បន្តថា ចំពោះសិក្ខាកាមដែលត្រូវចូលរួមសិក្សា សរុបចំនួន៤កងពល នៅក្នុងទិសទី១ យោធភូមិភាគទី៤ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧ កងពលតូចអន្តរាគមន៍លេខ៨ និងកងពលតូចអន្តរាគមន៍លេខ៩៕សួនលីណា



































