កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច ទទួលខុសត្រូវ ដើម្បីឲ្យយល់កាន់តែច្បាស់ នូវច្បាប់ និង លក្ខន្ដិកៈរបស់កងយោធពលខេមរភូមិន្ទ ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពិធីនេះ បានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះ បានប្រព្រឹទ្ធទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មេបញ្ជាការរង នាយទាហានថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីភារកិច្ចទទួលខុសត្រូវការងារឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជាបទពិសោធន៍ ក្នុងការដឹកនាំពង្រឹងមន្រ្តីក្រោមឳវាទរបស់ខ្លួននៅតាមមូលដ្ឋាន។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា ឲ្យយើងទាំងអស់គ្នា ត្រូវតែចងចាំឲ្យច្បាស់នូវអភិក្រមទាំង៥ ដែលជាប្រសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវទន្ទេញឲ្យចាំ និងឲ្យជាប់មាត់ គឺងូតទឹក, ដុសក្អែល, ឆ្លុះកញ្ចក់, ព្យាបាល, និងវះកាត់ សិក្សាស្វែងយល់ឲ្យកាប់តែច្បាស់ អំពីច្បាប់ស្ដីពីលក្ខន្ដិកៈទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងត្រូវ ពង្រឹងតួនាទីក្នុងការដឹកនាំអង្គភាព ដើម្បីឲ្យយោធិនមានវិន័យ និងមានភាពរឹងមាំ ក្នុងការអនុវត្តភារកិច្ចមានប្រសិទ្ឋិភាពខ្ពស់ ទទួលខុសត្រូវខ្ពស់ លើភារកិច្ចរបស់ខ្លួនដែលបានប្រគល់ជូន ។
ជាចុងក្រោយ ឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ ឲ្យខិតខំយកអស់កម្លាំងស្មារតី បម្រើប្រជាជន និងអតីតយុទ្ធជនយើង ដែលមានការលំបាកខ្វះខាត នៅតាមមូលដ្ឋានដោយស្មោះត្រង់ និងដោយឥតលក្ខខណ្ឌ ថ្នាក់ដឹកនាំទាំងអស់នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តគាំទ្រ និងអនុវត្តតាមការណែនាំរបស់ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបំពេញភារកិច្ចសំរេចជោគជ័យតាមការចាត់តាំង។
ដោយ ប៊ុន រដ្ឋា




































