ខេត្ដប៉ៃលិន៖ បុរសជាកម្មករសំណង់ម្នាក់ លើកដែកប៉ះនឹងខ្សែភ្លើងស្រាត បណ្តាលឲ្យឆក់រងរបួសធ្ងន់ ខណ:កំពុងផ្សាដំបូលផ្ទះឲ្យគេ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចជិតផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមប្រភពពីសមត្តកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាត ភេទប្រុស អាយុ២៩ឆ្នាំ មុរបរជាងផ្សារដែក រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជនរងគ្រោះរងរបួសធ្ងន់ ឆេះជើងខាងស្ដាំ និងខ្លោចសាច់)។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញជាង៤នាក់កំពុងមកលើកដែក ក្នុងចំណោម៤នាក់ ម្នាក់ជាជាងបានឡើងទៅលើដំបូល ដើម្បីផ្សារ ពេលកំពុងផ្សាដំបូលជិតអស់ សល់តែមួយដើម ស្រាប់តែបុរសម្នាក់ជាកម្មករ បានយកដែកមួយដើម ប្រវែង៦ម៉ែត្រ និងទទឹង២៥លី លើករុញឲ្យជនរងគ្រោះ ខណ:នោះជនរងគ្រោះ ក៏ទាញដែកឡើងលើទៅប៉ះខ្សែរភ្លើងស្រាតធំ បណ្ដាលឲ្យឆក់ផ្ទុះបែកផ្កាភ្លើងធ្វើឲ្យជនរងគ្រោះ ដួលផ្ងារជើងលើនៅលើដំបូលតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបងប្អូន និងកម្មករនៅជិតនោះ នាំគ្នាឡើងលើដំបូល ទៅធ្វើចលនាបេះដូង រួចក៏លើកយកមកដាក់និងកប់ដីខ្សាច់ និងបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសង្គ្រោះផងដែរ។
បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន៕




































