ស្ពានប៉េតុងចូលទៅសាលាបឋមសិក្សាចុងឃ្នៀសមានប្រវែងបណ្តោយ ៦៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលត្រូវចំណាយអស់ថវិការសរុបចំនួន ២៥០០០ ដុល្លាសហរដ្ឋអាមេរិក ឥឡូវបានសម្ភោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការហើយ

0

សៀមរាប៖ ស្ពានប៉េតុងចូលទៅសាលាបឋមសិក្សាចុងឃ្នៀសមានប្រវែងបណ្តោយ ៦៨ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលត្រូវចំណាយអស់ថវិការសរុបចំនួន ២៥០០០ ដុល្លាសហរដ្ឋអាមេរិក ឥឡូវបានសម្ភោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការហើយ ។ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមវត្តមានឯកឧត្តម ឈួន ហុក អនុប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប អស់លោក លោកស្រី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។
យោងតាមរបាយការណ៍គណ:កម្មការទ្រទ្រង់សាលាម្រាប់ការសាងសង់ស្ពានប៉េតុងមានប្រវែង៦៨ ម៉ែត្រ ដើម្បីចូលទៅកាន់សាលាបឋមសិក្សាចុងឃ្នៀសក្នុងឆ្នាំសិក្សា២០១៨-១៩ ដែលជាតម្រូវការចាំបាច់របស់សាលាមិនអាចខ្វះបានឡើយ។ ក្រោយពីបានសាងសង់អាគារសិក្សារួចមកគណ:គ្រប់គ្រងសាលាដោយយល់ឃើញពីភាពលំបាករបស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀនជារៀងរាល់ថ្ងៃនោះ ទើបចៅសង្កាត់ គណ:កម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស បានដាក់សំណើរសុំទៅ ឯកឧត្តម វ៉ា ឈូដា ប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស អោយជួយសាងសង់ស្ពានដែលមានប្រវែងបណ្តោយ ៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលត្រូវចំណាយអស់ថវិការសរុបចំនួន ២២៧០០ ដុល្លាសហរដ្ឋអាមេរិក។ បន្ទាប់ពីបានសាងសង់ស្ពាន់ប៉េតុង ៥០ម៉ែត្រ រួចមកក៏បានបន្តសាងសង់ស្ពានចាស់ដែលក្រាលក្តាប្រវែង ១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលត្រូវចាក់ប៉េតុងជំនួសក្តាវិញ ចំណាយអស់ថវិកាចំនួន ២៣០០ ដុល្លាអាមេរិកបន្ថែមទៀត។ ដោយបានការឧបត្ថម្ភពី ឯកឧត្តម វ៉ា ឈូដា ប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស និងក្រុមការងារចុះជួយសង្កាត់ចុងឃ្នៀសផងដែរ។
មានប្រសាសន៏ក្នុងឪកាសនោះ ឯកឧត្តម ឈួន ហុក អនុប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចុងឃ្នៀស បានអានសារលិខិតរបស់សម្តេចតេជោ ប្រធានគណ:បក្ស ដោយបានកត់សម្គាល់ អំពីគោលបំណង គោលការណ៍ តួនាទី និង ភារកិច្ចរបស់គណបក្ស ចាប់តាំងពីថ្ងៃបង្កើតចលនាតស៊ូ ឈានទៅការបង្កើតគណបក្ស ជាបន្តបន្ទាប់រហូតដល់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជន ប្រទេសជាតិ និងការអភិវឌ្ឍឬន៍ប្រទេស ឲ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។ ឯកឧត្តម បានបន្តថា យើងត្រូវចេះរួបរួមសាមគ្គីគា្ន ជួយគ្នា រកដំណោះស្រាយ នៅពេលដែលបងប្អូនប្រជាពលរដ្ឋពួកគាត់មានបញ្ហាប្រឈមក្នុងការរស់នៅនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ ក្នុងបរិបទដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា ក្នុងក្របខណ្ឌ័នៃកំណែទម្រង់ស៊ីជម្រៅ ដើមី្បលើកកម្ពស់ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យកាន់តែរឹងមាំ កាន់ល្អប្រសើរទ្វេឡើង៕ ដោយ ស៊ាន សុផាត